អាមេរិក ប្តេជ្ញាបន្តឈរ ជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារ មីនអោយអស់ នៅ ឆ្នាំ ២០២៥

0

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតខ្លួន ប្រចាំកម្ពុជាបានបង្ហាញ ការប្ដេជ្ញា បន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារ មីន អោយអស់នៅ ឆ្នាំ ២០២៥។ នេះបើតាមការបញ្ចាក់ពី លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារ បោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក លី ធុជ ទេារដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានលេីកឡេីងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង នោះ បានបោសម្អាតរួចមាន ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ ទៀត ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានចុះ ពិនិត្យ ម៉ាស៊ីនគាំទ្រប្រតិបត្តិការ បោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជា ជំនួយរបស់សហរដ្ឋអាមេរិក នៅ ក្រុងបានលុង និងលទ្ធផលនៃ ការបោសសម្អាត គ្រាប់បែកចង្កោមរបស់ អង្គការ NPA នៅ វិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមេីលការប្រកួតបាល់ទាត់ នារីរវាងអ្នកដោះ មីន/គ្រាប់ របស់អង្គការ MAG និង អង្គការ NPA ផងដែរ ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែក កាត់បន្ថយការគម្រាមកំហែង ដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិត មនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាម រយៈ WRA (Weapon Removal and Abatement) និង កម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោស សម្អាតមីន និងគ្រាប់បែកចង្កោម នៅកម្ពុជា។
ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែម ក្រុម ការងារ បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់ បែក ចង្កោម ។

ជាមួយគ្នានេះ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក គឺជា អ្នកផ្តល់ជំនួយមនុស្សធម៌ លេីការងារបោសសម្អាតមីន/គ្រាប់ នៅ កម្ពុជា ធំមួយ ក្នុងគោលដៅ ចូលរួមផ្តល់នូវ សុខសុវត្ថិប្រភព ជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងប្តេជ្ញា បន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារ មីនអោយអស់ នៅ ឆ្នាំ ២០២៥ ស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។»