បុរសជនជាតិប៉ាគីស្ថាន យកញញួរដំក្បាលជង្គង់ នារីខ្មែរជាសង្សារ ដូចដំដែក

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសជនជាតិប៉ាគីស្ថាន ម្នាក់បានប្រើអំពើហិង្សា ដោយយកញញួរដែលវាយក្បាលជង្គង់ និងទះកំភ្លៀងទៅលើស្ត្រី ជាសង្សាររបស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ រួចគេចខ្លួន តែនៅគេចមិនផុតពីសមត្ថកិច្ច ។

ការចាប់ខ្លួននេះធ្វើឡើង កាលពីម៉ោង ១និង២០នាទី រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខណៈជនសង្ស័យកំពុងស្នាក់នៅ ក្នុងបន្ទប់លេខ៣១៧ នៃស្មាតអង្គរប៊ូទិក ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា កម្លាំងនគរបាលសង្កាត់សាលាកំរើក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេតបឋម ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យឈ្មោះ FAISAl ហៅ RALO CHAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងករណី អំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកបន្តថា ដំណើររឿង កាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ ម៉ោង១២,០០នាទី នៅចំណុចក្នុងបន្ទប់លេខG6 អាផាតមិន Phat Nata ស្ថិតនៅក្នុងភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ FAISAL ហៅ Ralo Chan បានប្រើហឹង្សាយកញញួរដែក វាយទៅលើក្បាលជង្គង់ ទាំងសងខាង ចំនួន១០ដង បណ្តាលឲ្យមានស្នាមជាំឈាម និង ទះកំភ្លៀងច្រើនដៃទៅលើ ជនរងគ្រោះឈ្មោះ ធី សុផារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀន ត្រូវជាសង្សារនិងគ្នា រួចគេចខ្លួនបាត់។

ក្រោយពេលបានទទួលបណ្តឹងរួច នគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានស្នើសុំ ការអនុញ្ញាតិបើកការស៊ើបអង្កេតបឋម លើករណីនេះពី ឯកឧត្តម ព្រះរាជអាជ្ញា ខេត្តសៀមរាប។ រហូតដល់ម៉ោង ១៖២០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវឃើញឈ្មោះ FAISAL ហៅ Ralo Chan កំពុងស្នាក់នៅក្នុងបន្ទប់លេខ ៣១៧ នៃ ស្មាត អង្គរ ប៊ូទិក ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក៏ឃាត់ខ្លួនយកមកសួរនាំ។លោកបន្តថា ជនសង្ស័យឈ្មោះខាងលើ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើហឹង្សាយកញញួរវាយ និងទះកំផ្លៀង ទៅលើជនរងគ្រោះឈ្មោះ ធី សុផារី ប្រាកដមែន ហើយបានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ប្រាកដមែន ប្រើចុងក្រោយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន នៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕