វាយខ្នោះនិងបញ្ជូន នគរបាលពាក់ស័ក្ដិ៥ ក្លែងក្លាយម្នាក់ ទៅតុលាការ (Video)

0


ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលក្លែងបន្លំខ្លួនជាមន្ត្រីនគរបាលជាតិ ពាក់ស័ក្ដិ៥ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន  និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់  ។

យោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ ហៅឆាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ដែលបានក្លែងបន្លំធ្វើជា សមត្ថកិច្ចនគរបាលជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក នឹងបានរៀបចំ សំណុំឯកសារបញ្ជូន ទៅតុលាការនៅថ្ងៃនេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ (ស្លៀកសម្លៀកបំពាក់ ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន  ។

តាមការស្រាវជ្រាវ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យម្នាក់ បានបង្កើតគណនីហ្វេសបុក ក្លែងក្លាយមួយ ដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារ បានរកឃើញថា ជនម្នាក់នេះ មិនត្រឹមតែលួចបង្កើត ហ្វេសបុកក្លែងក្លាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំងបានក្លែងបន្លំខ្លួន ធ្វើជាសមត្ថកិច្ចនគរបាលជាតិទៀតផង ។

បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វើការសហការ ផ្តល់ព័ត៌មានដល់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដោយបានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់នេះដែលមានឈ្មោះ ប៉ាង កាក់ទិការ ដើម្បីរៀបចំសំណុំ ឯកសារបញ្ជូនបន្ត ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់  ។

វត្ថុតាង ដែលសមត្ថកិច្ច បានរឹបអូសបានរួមមាន  :

-វិទ្យុទាក់ទងម៉ូតូរ៉ូឡា ម៉ាក GP ៣៣៨ ចំនួន ៥គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន ៤

-ទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ផ្លឹស ១គ្រឿង

-ខ្នោះដៃចំនួន ៣គូ និងស្រោមខ្នោះចំនួន ១

-អាវឈុតពណ៌អាចម៍សេះ មានឈ្មោះ វ.ទោ សម្បត្តិ សកក្កដា អត្តលេខ ៥០០៩១ ចំនួន ១កំផ្លេ

-អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្ដដា អត្តលេខ ១០៤៦០១ ចំនួន ២កំផ្លេ

-អាវធំ ពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន ១

-អាវយឺតដៃខ្លី ពណ៌អាចម៍សេះ មានសញ្ញា នប POLECE ចំនួន ១

-អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន ១ដើម និងស្រោមអាវុធខ្លី ចំនួន ១

-ដាវដែកមានស្រោម ចំនួន ១ដើម

-ដំបងហូតដែក ចំនួន ១

-មួកនគរបាលចំនួន ៤

-ខ្សែក្រវ៉ាត់សាំងទារ៉ុង ពណ៌ត្រេអ៊ី ចំនួន ១

-សក្តិថ្នាក់វរសនីយ៍ទោ ចំនួន ១ គូ និងថ្នាក់វរសនីយ៍ឯក ចំនួន ១គូ

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕