មេទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីពិភាក្សាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗ ពាក់ព័ន្ធនឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ។

កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីជំនួបសន្ទនាតាមទូរស័ព្ទជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនង រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ជាពិសេសក្នុងស្ថានភាពលំបាក ដែលបង្កឡើងដោយជំងឺកូវីដ-១៩ នេះ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA បានលើកឡើងថា កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ច នៅក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើន ដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ច របស់នាយទាហានរង ជាដើម។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យ នៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្បែរខាងក្នុងតំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោកហ្វីលីពីនផងដែរ។ ជាក់ស្តែង អនុលោមតាមស្មារតីនៃ អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិកម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកបដោយសក្តានុពល ដែលអាចមានវិសាលភាពទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗពាក់ព័ន្ធ នឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀត អាចដំណើរការទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់ ការដកពិសោធន៍រៀនសូត្រ ពីគ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ ចាំបាច់នៃនិរន្តរភាពនៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿន នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិតខំពិនិត្យលទ្ធភាព ក្នុងការសម្រេចឱ្យបាននូវការចុះ អនុស្សារណៈនៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខនេះ ៕