ផ្ទះប្រជាពលរដ្ឋ និងប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយសាលារៀន០១ខ្នង សរុបចំនួន ១២ខ្នង ត្រូវបានខូចខាតដោយខ្យល់កន្ត្រាក់

0

ភ្នំពេញ៖ ករណីខ្យល់កន្ត្រាក់មួយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៥និង 00 នាទីព្រឹក ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ប៉ុស្តិ៍នគរបាលរដ្ឋបាល០១ខ្នង រួមជាមួយសាលារៀន ០១ខ្នង នៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

យោងតាមសេចក្តីរាយការណ៍ របស់អាជ្ញាធរស្រុក បានឲ្យដឹងថាករណីនេះពុំបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ គ្រាន់តែខូចខាតផ្ទះសម្បែង១០ខ្នងដោយមានការប៉ើងដំបូលផ្ទះចំនួន០៩ខ្នង និងខ្ទមចាំចំការប៉ើង រាបដល់ដីខូចខាតទាំងស្រុងចំនួន០១ខ្នង ដំបូលក្បឿងអគារសិក្សានៃសាលាបឋមចំនួន០១ខ្នង និងដំបូលអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន០១ខ្នងដោយសារខ្យល់ សរុបចំនួន១២ខ្នង។
ដោយឡែកអគារប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ ប៉ើងដំបូលស័ង្កសី០៥សន្លឹក ខូចខាតដងទង់ជាតិ និងទង់ជាតិចំនួន០១ ព្រមទាំងខូចខាតផ្ទាំងសូឡា របស់រដ្ឋចំនួន០១ផងដែរ៕