ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ថែមមួយ ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាស មានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយ ឆ្លងកាត់ លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាងជើង ព្រះរាជាណាចក្រកម្ពុជា ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧-២៩ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម៖

ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក បានអំពាវនាវដល់ ប្រជាពលរដ្ឋ រស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើង ដោយបាតុភូតធាតុអាកាសនេះ ៕