ភ្នំពេញ៖ រថយន្តដឹកទំនិញ ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងកៀបស្លាប់ក្នុងរថយន្ត យ៉ាងអាណោចអាធម និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង ១១៖៣៥នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A-0021 គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ។
មុនពេលកើតហេតុគេឃើញ រថយន្តនេះបើកបរ ពីអ្នកលឿងទៅភ្នំពេញ លុះបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ៕



