ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្ត បានបង្ហាញរូបភាពសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោម ការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាព ព្រៃលិចទឹកមេគង្គ នៃខេត្តក្រចេះ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វរមាំងត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
ក្រសួងបរិស្ថានពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា បានបញ្ជាក់ថា ពីប្រសិទ្ធភាពនៃការការពារ និងអភិរក្សនិងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ មន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថានដោយសហការ ជាមួយសហគមន៍តំបន់ការពារធម្ម ជាតិរួមនឹងអង្គការដៃគូ បានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់និងជំរុញឱ្យ មានការចូលរួមពីប្រជាពលរដ្ឋ ចូលរួម ក្នុងកិច្ចការពារនិងអភិរក្ស ធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។
ក្រសួងបរិស្ថានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះ ដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់តទៅមុខទៀត។
ក្រសួងបរិស្ថានរួម នឹងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តអនុវត្តវិធានការពារនិងអភិរក្សតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតី ទទួលខុសត្រូវ និងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិ ដែលបានកើតឡើង។ នៅក្នុងរយៈពេល ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថាន បានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿង ទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។ ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំ ប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមាន ដែលសមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត។
ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរ ទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើ ការសិក្សាស្រាវជ្រាវ។ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយ ជីវៈចម្រុះដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែល មិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ៕