ភ្នំពេញ៖ ក្រោយសង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែរពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់ បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំ តាមរូបមន្តនោះក្រសួងសុខាភិបាល បានចេញមុខអះអាងថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារនៅគ្រប់ កាលៈទេសៈទាំងអស់ ហើយគ្មានផលិតផលណាមួយ ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមបញ្ជាក់ ជូនសាធារណជនថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។ គ្មានផលិតផល ណារួមទាំងទឹកដោះគោ ម្សៅផ្សំតាមរូបមន្តផង ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។ ទឹកដោះម្តាយ មានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ នៅក្នុងអំឡុងពេល៦ខែ ដំបូងនៃជីវិតទារក»។
ក្រសួងបន្ដថា សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយ រួមមាន៖ ប្រូតេអ៊ីន ដែលជាអាហារសាងសង់ សំខាន់សម្រាប់អភិវឌ្ឍ ការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូស ដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធ កោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារ ដើម្បីស្តុកថាមពល និងជាតិទឹកដែលជាតម្រូវការចាំបាច់ របស់កុមារជាប្រចាំ។
ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ទឹកដោះម្តាយសំបូរជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់ការពារកុមារពីជំងឺនានា៕