ភ្នំពេញ៖ ដោយសារតែប្រចណ្ឌនឹងប្ដី នាំស្រីក្មេងមកដេកដល់ផ្ទះ ប្រពន្ធទ្រាំមិនបានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្ដីខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនសង្ស័យជាប្រពន្ធឈ្មោះ ហួ តុំលីដា អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាប្តី ឈ្មោះម៉ុល ចាន់ អាយុជាង ៣០ឆ្នាំ បានទៅស្រលាញ់នារីម្នាក់ នៅខេត្តក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់កើតរឿងប្រចណ្ឌ ឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់ប្តីតែម្តង ។
តាមការធ្វើកោសល្យវិច័យ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត បណ្តាលឲ្យស្លាប់ ពេលបញ្ជូនមកមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ។
ក្រោយពេលពិនិត្យ និងធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានប្រគល់សព ជូនទៅឪពុកម្តាយខាងប្តី យកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកសាកសួរ អនុវត្តតាមនីតិវិធី ៕



