ភ្នំពេញ៖ អង្គការ WCS បានចែកចាយរូបភាព និងវីដេអូបង្ហាញអំពី កូនក្រពើត្រី (Siamese crocodile) ដែលជាប្រភេទ ជិតផុតពូជបំផុត ក្នុងចំណោមប្រភេទសត្វក្រពើ ជិតផុតពូជ បំផុតដទៃទៀត នៅលើពិភពលោក កំពុងហែល នៅក្នុងបឹងធម្មជាតិមួយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការ WCS នៅថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងថា រូបភាពទាំងនេះ ថតបានដោយក្រុមការពារ សំបុកក្រពើត្រីនៃអង្គការ WCS ក្នុងកំឡុងពេលចុះល្បាត សហការ ជាមួយ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ក្រុមការងារខាងលើ បានប្រទះឃើញកូនក្រពើត្រី ចំនួន១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិ ក្នុងតំបន់ដីសើម ដែលជាទីជម្រកដ៏សំខាន់មួយ របស់ក្រពើ ប្រភេទនេះ។ ក្រុមការងារបាន កត់សម្គាល់ឃើញថា ដោយសារក្នុងឆ្នាំនេះ មានភ្លៀងធ្លាក់តិច បឹងនៅក្នុង តំបន់ដីសើមនេះ កាន់តែរាក់ទៅៗ ដែលធ្វើឱ្យប៉ះពាល់ ដល់ទីជម្រករបស់វាក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្រពើត្រី ត្រូវបានកត់ត្រា ចូលក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក។ អ្នកវិទ្យាសាស្ត្រ បានរកឃើញវត្តមាន របស់វានៅទូទាំង តំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្ន វត្តមានរបស់ក្រពើប្រភេទនេះ ស្ទើរតែផុតពូជ នៅក្នុងប្រទេសវៀតណាម និងថៃ និងមាននៅសេសសល់ តិចតួច ក្នុងប្រទេសឡាវ និងឥណ្ឌូនេស៊ី។ តាមការសិក្សាស្រាវជ្រាវ កន្លងមក វត្តមានប្រភេទនេះប្រហែលជា ៥.០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថា ជាចំនួនមួយច្រើន ជាងប្រទេសដទៃទៀត។
ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រកនិងការប្រមាញ់ខុសច្បាប់លើក្រពើជំទង់ និងការប្រមូលយកកូនតូចនិងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេសកម្ពុជា វៀតណាម និងថៃ។
អង្គការ WCS បាននិងកំពុងអនុវត្តកម្មវិធី អភិរក្សមួយចំនួន ដើម្បីការពារប្រភេទនេះកុំឱ្យផុតពូជ។ គម្រោងបានដាក់ បញ្ចូលក្រុមអតីតអ្នកប្រមាញ់ ដើម្បីចូលរួមស្វែងរក និងការពារសំបុក នៅក្នុងធម្មជាតិ។ តាមរយៈការអនុវត្តច្បាប់ ក្រុមល្បាតចម្រុះ ដែលរួមមានមន្ត្រី រដ្ឋបាលជលផល និងសមាជិក សហគមន៍មូលដ្ឋាន បានចុះប្រមូលយកឧបករណ៍ នេសាទខុសច្បាប់ ដែលអាចទាក់ជាប់ សត្វក្រពើត្រី និងទប់ស្កាត់ការបំផ្លាញទីជម្រករបស់វា។
ដោយការអប់រំ និងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង នៅក្នុងសហគមន៍មូលដ្ឋាន អំពីការអភិរក្សប្រភេទនេះ ជាការងារសំខាន់ ដូច្នេះគម្រោង ស្នើសុំឱ្យមានការចូលរួម យ៉ាងសកម្មពីសហគមន៍ មូលដ្ឋាន ដើម្បីឈាន ទៅសម្រេចផែនការ សកម្មភាពអាទិភាពមួយចំនួនមានដូចជា ការបង្កើនជីវភាពសហគមន៍ តាមរយៈជំនួយបច្ចេកទេស វារីវប្បកម្ម និងដើម្បីធានា ថាពួកគាត់មិនធ្វើសកម្មភាព នេសាទខុសច្បាប់ចូល ទៅក្នុងតំបន់ដីសើមដែលជាទីជម្រករបស់ក្រពើត្រីនោះទេ។ សកម្មភាពអភិរក្សមួយទៀត គឺការយកកូនក្រពើ ទៅចិញ្ចឹមថែទាំឱ្យធំមុន យកទៅលែង ក្នុងធម្មជាតិនឹងជួយធ្វើឱ្យ ចំនួនក្រពើត្រី នៅក្នុងធម្មជាតិ កើនឡើងវិញ៕