ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដឹកនាំដោយលោក តន់ តូនី នាយនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ល្បាតក្នុងភូមិសាស្ត្រ ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ) ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ០៥នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖ ទី០១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី០២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី០៣-ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី០៤-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជនសង្ស័យទី០៥-ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ៖ ១/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង , ២/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន០១គ្រឿង ,៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង , ៤/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន០១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង) ។
មុននឹងឈានដល់ការចាប់ខ្លួន បានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដឹកនាំដោយលោក តន់ តូនី នាយនគរបាលប៉ុស្តិ៍ដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំ និងបញ្ជារផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះកម្លាំងសមត្ថកិច្ច បានឃើញជនសង្ស័យមួយក្រុម កំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះ របស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន០៥នាក់ រួមនិងវត្ថុតាង ដូចបានរៀបរាប់ខាងលើ យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោតាមនីតិវីធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាព ប្រាប់សមត្ថកិច្ចថា ពួកគេ(ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នៅប៉ុស្តិ៍ដង្កោ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕