ADB ឲ្យលុយកម្ពុជាខ្ចីជិត ១៣០លានដុល្លារ ដើម្បីពង្រីកបណ្តាញ បញ្ជូនថាមពលអគ្គីសនី (Video)

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ១២៧.៨លានដុល្លារ គាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថេរភាពនិងអាចទុកចិត្តបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១០ កញ្ញានេះ បានឲ្យដឹងថា គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤.៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund)នៃការពង្រីកការអនុវត្ត កម្មវិធីថាមពលកកើតឡើងវិញ នៅក្នុងប្រទេស ដែលមានចំណូលទាប និង ២លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទាន សម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រង ដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា «គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជា ក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពល គ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍ ខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុង ប្រទេសកម្ពុជានាពេលអនាគត និង ដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត»។

រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាព សេដ្ឋកិច្ចនិងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកការផលិត ថាមពលតម្លៃទាបក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់កំពុងឈានដល់ ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការ ការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងតាកែវ។

គម្រោងផ្ទុកថាមពលដោយអាគុយ សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរ ឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB បានលើកឡើងថា «គម្រោង តាមរយៈ ការផ្តល់ហិរញ្ញប្បទាន និង ការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាព ប្រកួតប្រជែង និងការធ្វើពិពិធកម្មនានា បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។ គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១៣០០ នៅក្នុង វិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា(EDC) ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល»។

ជំងឺរាតត្បាត COVID-19 គម្រាមកំហែងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែល មានអត្រាជាមធ្យម៧.១% ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥ ភាគរយនៅឆ្នាំ ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ ១.៣ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ រាជដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីជំនួយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីកបណ្តាញបញ្ជូន និងចែកចាយចរន្ត និង គាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។ កាលពីឆ្នាំមុន ធនាគារ អភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧.៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ ៕