ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ជំរុញឲ្យលោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា គោរពឲ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌ និងសៀវភៅណែនាំស្តីពីប្រតិបត្តិការ របស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស ។
សូមរំលឹកថា ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ត្រូវបានរំខាន ដោយទស្សនៈផ្ទាល់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រី រ៉ូ ណាស្មីត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ នៅប្រទេសកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ សម្រាប់បុគ្គលគ្រប់រូប។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី៨ កញ្ញា បានឲ្យដឹងថា ប្រទេសកម្ពុជាគោរព និងផ្តល់តម្លៃចំពោះ សេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ដែលស្របតាមច្បាប់ ហើយយល់ដឹងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ចំពោះដំណើរការ នៃការអភិវឌ្ឍប្រទេស។ ប៉ុន្តែមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាពផ្ទាល់ខ្លួន របស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។ ការអនុវត្តសិទ្ធិ និងសេរីភាពគឺត្រូវតែ អនុលោមទៅតាមច្បាប់។
ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំធ្លាប់ ដែលបានសង្កត់ធ្ងន់ ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកល ស្តីពីសិទ្ធិមនុស្ស (មាត្រា ២៩.២) និងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩.៣ មាត្រា២១ និងមាត្រា២២.២)។ ការខកខានមិនបាន បញ្ជាក់ឲ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណៈជន មានការភ័ន្តច្រលំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេច ក្នុងការកេងចំណេញពីស្ថានភាពបែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ ។
ក្នុងការអនុវត្តតួនាទីប្រកប ដោយសត្យានុម័ត និងវិជ្ជាជីវៈ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច គោរពឲ្យបានខ្ជាប់ខ្លួនតាម «ក្រមសីលធម៌សម្រាប់ អ្នកកាន់អាណត្តិនៃ នីតិវិធីពិសេសរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្ស» (ជាពិសេសមាត្រា៣ មាត្រា៦ និងមាត្រា១៤) និង «សៀវភៅណែនាំស្តីពីប្រតិបត្តិការ នៃនីតិវិធីពិសេសរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស” (ជាពិសេស កថាខណ្ឌ និង ៥០) ដែលចែងអំពី គោលការណ៍ទូទៅសម្រាប់ ការអនុវត្តតួនាទីខាងលើ សារៈសំខាន់នៃការប្រមូលព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការ ទាក់ទងជាមួយរដ្ឋាភិបាល ៕