អត់លុយបង់រំលោះម៉ូតូ! យុវជនម្នាក់បែកគំនិត ច្របាច់ក និងវាយយាយបង្កើតខ្លួនឯង ១ដំបង ដើម្បីប្លន់ទ្រព្យសម្បត្តិ (Video)

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពច្របាច់ក និងវាយយាយបង្កើតខ្លួនឯង មួយដំបង ដើម្បីប្លន់យកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ កញ្ញា ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះសឿន ចាន់ រិទ្ធ ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ បានយកម៉ូតូទៅល្បួងយាយ ដឹកចេញពីវត្តពោធិ៍សុទស្សន៍ កុហក់ជីដូនថា ទៅបុណ្យនៅវត្តបាកាន លុះជិះម៉ូតូឌុបជីដូនដល់ចំនុចស្ងាត់ តាមខ្នងប្រឡាយក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ជនសង្ស័យក៍បានឈប់ម៉ូតូ ហើយវាយជីដូនរបស់ខ្លួន ១ដំបង រួចច្របាច់ក ហើយក៏រុញជីដូនញាត់ចូល ក្នុងព្រៃស្មានតែជីដូនស្លាប់ ជនសង្ស័យក៏បានលួចយក លុយជីដូនអស់ចំនួន ៨០ម៉ឺនរៀល មាស ៣ជី និងទូរស័ព្ទ ១គ្រឿង រួចក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់វេលារសៀលថ្ងៃដដែល លោកមេភូមិស្នាលទោល ក៏ប្រទះឃើញលោកយាយដេកសន្លប់ ក្នុងព្រៃរបោះក៏យកលោកយាយ មកមណ្ឌលសុខភាពដើម្បីព្យាបាល ពេលលោកយាយដឹងខ្លួន លោកយាយរងគ្រោះក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួន ចៅរបស់គាត់នៅព្រឹកថ្ងៃទី៧ ខែកញ្ញាតែម្តង។

របាយការណ៍ដដែល បន្តទៀតថា តាមការសួរចម្លើយរបស់ សមត្ថកិច្ចនគរបាលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយ ១ដំបង និង ច្របាច់កជីដូនរបស់ខ្លួន ដើម្បីលួចយកលុយរបស់ជីដូន ពិតប្រាកដមែន ដោយសារអត់លុយយកទៅ បង់ថ្លៃទិញម៉ូតូបង់រំលោះ ។

បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តពោធិសាត់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕