«ក្រុងភ្នំពេញ»៖ តារាសម្តែង និងជាថៅកែលក់ជើងទាស្ទឹម កញ្ញាណូម័រ បានធៀបដៃគូស្នេហារបស់ខ្លួនគឺលោក Vj Sophea ជាអាវដ៏កក់ក្តៅសម្រាប់អនាគត នៃជីវិតស្នេហារបស់នាង ។
វាហាក់កម្រណាស់តាំងពីចូលប្រលូក្នុងសិល្បៈយូរឆ្នាំមកនេះ កញ្ញាណូម័រ មិនបានបង្ហាញដៃគូស្នេហារបស់ខ្លួនជានរណាឲ្យប្រាកដ នោះទេ ប៉ុន្តែពេលនេះបែរជាបង្ហាញជាមួយសារដ៏ចាក់ដោត ពោរពេញទៅដោយអត្ថន័យ ។
ណូម័រ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញាថា «មិនខ្វល់ថាអាវប្រេនឬអត់ ជជុះឬថ្មី សំខាន់អោយតែពាក់ទៅស្រួលខ្លួន? ទោះពេលខ្លះអ្នកដទៃថាអាវស្អាត តែមិនសក្តិសមនឹងយើង គួររកអាវណាដែលបន្ថែមអោយយើងកាន់តែស្អាត? តើយើងចាំបាច់ទេ ដែលត្រូវស្តាប់សម្តីអ្នកដទៃ ទាំងដែលខ្លួនយើងទេ ជាអ្នកពាក់អាវនោះ?។
កញ្ញាបានសង្កត់ធ្ងន់ដោយជំហររឹងមាំថា « ខ្ញុំមិនដែលពាក់អាវដោយគ្រាន់តែអួតឬបញ្ឈឺអ្នកណា ខ្ញុំគ្រាន់តែចង់បង្ហាញថាអាវនេះហើយដែលខ្ញុំជ្រើសរើសពាក់មួយជីវិត ទៅថ្ងៃមុខយ៉ាងណា ខ្ញុំមើលមិនឃើញឡើយ ដឹងត្រឹមថា អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺពាក់អាវនោះរួចទុកដាក់អោយត្រឹមត្រូវតែប៉ុណ្ណោះ» ៕