តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយឱ្យដឹងថា ករណីកំពូលតារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿង « បិសាចកញ្ជ្រោងកន្ទុយ៩ » អ្នកនាង Haruka Nakaura ត្រូវបានសារព័ត៌មានចិនចេញផ្សាយថា នាងត្រូវគូស្នេហ៍វាយដំដោយប្រើអំពើហឹង្សាលើរាងកាយ រហូតដល់នាងត្រូវរលូតកូនចេញពីផ្ទៃក្នុងសភាពគ្រោះថ្នាក់បំផុត។
គូស្នេហ៍របស់តារាស្រីរូបនេះមានឈ្មោះ Jiang Jinfu ជាតារាសម្ដែងឯកប្រុសល្បីឈ្មោះនៅក្នុងប្រទេសចិន និងជាអ្នកមានអំណាចនៅក្នុងវិស័យភាពយន្តផងដែរ។ តារាស្រីខាងលើបានបង្ហោះថា បុរសជាគូស្នេហ៍បានវាយដំរាងកាយនាង និងបង្ហោះសារសុំទោសនាងក្រោយពេលកើតហេតុ តែជាអកុសល នាងត្រូវបានរលូតកូនរួចទៅហើយ ដោយសារគូស្នេហ៍ធាក់នាងចំកណ្ដាលផ្ទៃពោះ។
នាងសរសេរបន្ថែមថា « ប្រសិនបើលោកសោកស្ដាយដឹងកំហុសពិតមែននោះ លោកគួរតែសុំទោសខ្ញុំនៅក្នុងគុក ជំនួសការបង្ហោះសារនៅលើបណ្ដាញសង្គម ទាំងដែលខ្ញុំព្យាយាមអង្វរក លោកមករហូត និងជួយលាក់បាំងទង្វើរបស់លោកន្លងមក »៕



