ភ្នំពេញ៖ បើទោះបីជាពាក្យពេចន៍ណែងណង បង្កប់នូវមនោសញ្ចេតនាល្អយ៉ាងណាក្នុងចម្រៀង ប៉ុន្តែទស្សនិកជនមិនចាប់អារម្មណ៍ថា តើទំនុកច្រៀង នរណាអ្នកនិពន្ធ ដោយផ្តោតទៅលើតែអ្នកច្រៀង ភ្លេចគិតតួសំខាន់មួយរូបនៅពីក្រោយនៃបទចម្រៀងនោះ។
ស៊ិន ធារី ធ្លាប់ជាអ្នកនិពន្ធទំនុកច្រៀង ឲ្យផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០១៤ ស្នាដៃរបស់នាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ក្នុងនោះមានបទ លើសពី fan បានអត់? ខឹងឬស្អប់អូនអាចជេបងបាន ខឹងឬស្អប់បងអាចជេអូនបាន ជាតិក្រោយសុំធ្វើជាប្រពន្ធបង គេមិនបានស្រលាញ់យើងទេ និង បទ នឹកខ្លួនឯង។ ក្រៅពីបទចម្រៀងនៅក្នុងផលិតកម្មសាន់ អ្នកនិពន្ធជាស្ត្រីវ័យក្មេងនេះ ក៏បានបង្ហាញស្នាដៃខ្លួនក្នុងទ្រនំថ្មី ផលិតកម្មថោន ដូចជាបទ ថ្ងៃឯកា ពិន្ទុ zero ជាដើម។ ស៊ិន ធារី ជាអ្នកបាត់ដំបង និងកូនពៅ នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាអាជីវករ និងមានបងប្អូន ៤នាក់។
ក្នុងបទសម្ភាសន៍ជាមួយ Obnasia នាថ្ងៃម្សិលមិញ អ្នកនិពន្ធរូបនេះបានប្រាប់ថា បច្ចុប្បន្នកញ្ញាជាអ្នកនិពន្ធ Freelance បើសិនជាមានតួណា ចង់សហការធ្វើបទចម្រៀងគឺទទួលយក ហើយក៏កំពុងសហការជាមួយតួជាច្រើនមាន កញ្ញា សុខ ពិសី លោក ឆាយ វិរៈយុទ្ធ អ៊ីវ៉ា និង ខាន់ ជេមស៍ ជាដើម ។ ប៉ុន្តែការធ្វើជាអ្នកនិពន្ធ Freelance នេះមិនមែនមានន័យថារៀបចំខ្លួនបោះបង់អាជីពអ្នកនិពន្ធនោះទេ គឺនៅតែបន្ត ជាធម្មតា ជាមួយក្តីស្រមៃ ពីតូចមក ។
ស៊ិន ធារី ថា«សម្រាប់ខ្ញុំ អ្នកនិពន្ធត្រូវបានគេមើលរំលង ប៉ុន្តែខ្ញុំមិនខ្វល់នោះទេ ដោយនៅតែបន្តជំហរ ជាមួយអាជីពតាក់តែងទំនុកច្រៀងនេះដដែល ដោយមិនបានបោះបង់ក្តីស្រមៃខ្ញុំពីក្មេងឡើយ» ។
ស៊ិន ធារី បានបន្តលើកឡើងថា បើនិយាយពីចំណូលពីការតាក់តែង មិនអាចបើកចំហរនិយាយពីចំនួនទឹកប្រាក់ទទួលបាននោះទេ ប៉ុន្តែបើសិនជា អ្នកនិពន្ធក្នុងកុងត្រាផលិតកម្ម អាចចាយបានទាំងការទិញសម្លៀកបំពាក់ ហូបចុក ដើរផ្សារ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ព្រោះថា អ្នកនិពន្ធ ជាប់កុងត្រាមានប្រាក់ខែ និងកំរៃ បានមកពីការដឹកនាំ និងនិពន្ធទំនុកច្រៀង ជាដើម ៕