កំពង់ចាម៖ មួយរយៈនេះ មានកុមារជាច្រើនជាសិស្សសាលា បានកើតជំងឺភ្នែកក្រហម និងបានឆ្លង តៗគ្នា ប៉ុន្តែប្រការនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា បណ្ដាលមកពីខ្វះអនាម័យ និងពុំបានយល់ដឹងពីវិធានការការពារការចម្លងមេរោគ ។
នៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៣ នេះ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ជំងឺឆ្លងភ្នែកក្រហមដែលបានមកពិនិត្យនៅអគារជំងឺភ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានចំនួនសរុប ១៤៣នាក់ (ប្រុស ៧៥ នាក់ , ស្រី ៦៨ នាក់)។ ក្នុងនោះមានសិស្សមកពីវិទ្យាល័យអប់រំពិសេសកំពង់ចាម ជាសិស្សពិការភ្នែកនិង គ-ថ្លង់ ចំនួន ៨៩ នាក់ (ប្រុស ៥៦ នាក់, ស្រី ៣៣ នាក់) ។
របាយការណ៍ដដែលឱ្យដឹងទៀតថា មូលហេតុឆ្លងជំងឺភ្នែកក្រហមនេះ បណ្ដាលមកពីខ្វះអនាម័យ និងពុំបានយល់ដឹងពីវិធានការការពារការចម្លងមេរោគធ្វើអោយមានជំងឺភ្នែកក្រហមនេះ បានឆ្លងតៗគ្នា។ ហើយបើផ្អែកទៅលើរោគសញ្ញាដែលអ្នកជំងឺមាន គឺជាប្រភេទរលាកបណ្តាលមកពីវីរុសច្រើនជាងពួក បាក់តេរី (វីរុសប្រហែល ៩០%)។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ភាគច្រើននៃជំងឺ គឺការវិវត្តទៅរកភាពធូរស្រាល (ពីព្រោះយើងបានណាត់គាត់ថា បើមិនធូរស្រាល ឱ្យគាត់អញ្ជើញត្រឡប់មកពិនិត្យវិញ តែពុំទាន់ឃើញមានអ្នកជំងឺត្រឡប់មកវិញទេ) ។ ខាងមន្ត្រីពេទ្យ ក៏បានអប់រំសុខភាពអ្នកជំងឺស្ដីពីការការពារកុំឲ្យមានឆ្លងជំងឺភ្នែកក្រហមនេះតគ្នា ទៀត ដោយអនុវត្តការលាងដៃ នឹងអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ ជៀសវាងការប្រើប្រាស់របស់រួមគ្នា ហើយត្រូវពាក់ម៉ាស់ការពារ ពីព្រោះមានការចម្លងតាមផ្លូវដង្ហើមផងដែរ ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម