ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចេញ​សេចក្តីជូនដំណឹង​អំពី​បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត សេវា​អ៊ីនធឺណិត និង​វិធានការ​ដោះស្រាយ

0

ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២០ មក ក​.​ប​.​ទ​. បាន​ដាក់​ចេញ​នូវ​យន្តការ​កែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​នៅ​គ្រប់​អង្គភាព​ចំណុះ និង​នៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.)​។ ក្នុង​ការ​កែទម្រង់​នោះ មានការ​រៀបចំ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ ការ​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទៃក្នុង ការ​ពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​លើ​ការ​ប្រមូល​ចំណូល​និង​ទារបំណុល ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

បន្ថែម​ពីលើ​នេះ ក​.​ប​.​ទ​. បាន​ចាត់​ទុក​ការ​ការពារ​ផលប្រយោជន៍​និង​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់ និង​ការ​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍ ជា​ការងារ​អាទិភាព​បំផុត ដើម្បី​ធានា​ថា អ្នក​ប្រើប្រាស់​ទទួល​បាន​សេវា​ប្រកបដោយ​គុណភាព​និង​តម្លៃ​សមរម្យ​។ បើ​ទោះបីជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​លើ​ផ្នែក​ជា​ច្រើន​ក្នុង​វិស័យ​ទូរគមនាគមន៍​ក៏​ដោយ ក៏​ប៉ុន្តែ​កិច្ចការ​មួយ​ចំនួន​នៅ​មិន​ទាន់​កែ​លំអ​ឱ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ ដូច​ជា បញ្ហា​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក​.​ប​.​ទ​. បាន​សិក្សា ស្រាវជ្រាវ និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​កំណត់​មូលហេតុ​មួយ​ចំនួន ដែល​បណ្តាល​ឱ្យ​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​រអាក់រអួល ឬ​ដំណើរការ​មិន​បាន​ល្អ ឬ​គ្មាន​សេវា ដូច​ខាងក្រោម​៖

ក​. បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត​៖
១-​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​មួយ​ចំនួន​នៅ​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ឧបករណ៍​ដែល​មិន​ទាន់​ធ្វើ​ទំនើប​កម្ម​ឱ្យទាន់​បច្ចេកវិទ្យា​តាម​ស្តង់ដារ នៅ​តាម​ស្ថានីយ​មួយ​ចំនួន​។
២-​ការ​វិនិយោគ​បន្ថែម​ដោយ​ប្រតិបត្តិ​ករ​មួយ​ចំនួន​លើ​ការ​កែសម្រួល ការ​បង្កើន​សមត្ថភាព និង​ការ​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម នៅ​មាន​កម្រិត​នៅឡើយ ដែល​មិន​ស្រប​នឹង​កំណើន​នៃ​ចំនួន​អ្នក​ប្រើប្រាស់​តាម​តំបន់​នៃ​ស្ថានីយ​អង់​តែ​ន​ទាំងនោះ​។
៣-​កំណើន​នៃ​សំណង់​អគារ​ខ្ពស់​ៗ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ទីតាំង​ម្ខាង​ទៀត​នៃ​អគារ​ដែល​ពុំ​មាន​ស្ថានីយ​អង់​តែ​ន ពុំ​អាច​ទទួល​សេវា​បាន​ល្អ ដូចនេះ ប្រតិបត្តិ​ករ​ត្រូវ​សាងសង់​ស្ថានីយ​អង់​តែ​ន​នៅ​ម្ខាង​ទៀត​នៃ​អគារ​។ ចំណែក​ផ្ទៃ​ខាងក្នុង​នៃ​អគារ សេវា​ត្រូវ​បាន​បាត់បង់​យ៉ាងតិច ៣០-៤០% ដែល​ទាមទារ​ឱ្យ​មានការ​បំពាក់​ប្រព័ន្ធ​អាយ​ប៊ី​អេស (In-Building Solution) នៅ​ក្នុង​អគារ ប៉ុន្តែ​ខាងក្នុង​អគារ​ភាគច្រើន​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ​។
៤-​ក្នុង​ពេល​ដែល​ប្រតិបត្តិ​ករ​បាន​និង​កំពុង​បន្ត​វិនិយោគ​បន្ថែម ដើម្បី​ធានា​គុណភាព​សេវា ក៏​មាន​កំណើន​យ៉ាង​គំហុក​នៃ​ការ​ប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​ផង​ដែរ ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។
៥-​បើ​ទោះបីជា​មាន​ស្ថានីយ​អង់​តែ​ន​ដែល​អាច​ផ្តល់​សេវា​គ្រប់គ្រាន់​ក៏​ដោយ ប៉ុន្តែ​ដើម្បី​សន្សំ​ការ​ចំណាយ ប្រតិបត្តិ​ករ​មួយ​ចំនួន​អាច​បន្ថយ​ចំណុះ​សមត្ថភាព​នៃ​ឧបករណ៍​បញ្ជូន​និង​ទទួល​សេវា​។
៦-​ស្ថានីយ​អង់​តែ​ន​ជា​ច្រើន​បំពាក់​ឧបករណ៍​ដែល​គ្មាន​ការ​ទទួលស្គាល់​យ​ថា​ប្រភេទ​ពី ន​.​ទ​.​ក​. ឬ​ឧបករណ៍​កែ​ច្នៃ​ដែល​មិន​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​។
៧-​នៅ​តាម​បណ្តោយ​ផ្លូវជាតិ ឬ​នៅ​តាម​បណ្តា​ខេត្ត ស្ថានីយ​អង់​តែ​ន​ភាគច្រើន​ត្រូវ​បាន​សាងសង់ នៅ​តែ​តំបន់​ទីប្រជុំជន ដោយ​ពុំ​បាន​សាងសង់​នៅ​ចន្លោះ​តំបន់​ទីប្រជុំជន​។
៨-​ដើម្បី​បង្កើន​សេវា​ទូរ​សព្ទ​ចល័ត ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដំឡើង​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) ដោយ​ខ្លួនឯង ដែល​ឧបករណ៍​នេះ​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុសច្បាប់ និង​ពុំ​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​យ​ថា​ប្រភេទ​ពី ន​.​ទ​.​ក​. ដែល​បណ្តាល​ឱ្យ​មានការ​ឆ្លង​រំខាន​សេវា​នៅ​តំបន់​ជុំវិញ​ខ្លួន​រស់នៅ​។
៩-​ការ​នាំ​ចូល​ទូរ​សព្ទ​មួយ​ទឹក​ដែល​គ្មាន​គុណភាព ឬ​ទូរ​សព្ទ​ដែល​ពុំ​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​យ​ថា​ប្រភេទ​ពី ន​.​ទ​.​ក​. និង​ខុស​ពី​ស្តង់ដា​បច្ចេកទេស ឬ​ទូរ​សព្ទ​ក្លែងក្លាយ​។
១០-​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​តម្លៃ​ទាប ធៀប​នឹង​តម្លៃ​សេវា​ទូរ​សព្ទ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​។
១១-​ប្រតិបត្តិ​ករ​បាន​ដាក់​ចេញ​នូវ​កញ្ចប់​ដូរ​លុយ​ដែល​ផ្ដល់​ចំណុះ​សមត្ថភាព​អ៊ីនធឺណិត​ច្រើន​លើសលុប ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ប្រើ​ដោយ​សេរី ដែល​លើស​ពី​តម្រូវការ​ជាក់ស្តែង ជា​អាទិ៍ ការ​មើល​វី​ដេ​អូ​តាម​យូ​ធូប (YouTube) និង​បណ្ដាញ​សង្គម​ផ្សេង​ៗ ការ​លេង​ហ្គេ​ម​អន​ឡាញ ការ​ទាញ​យក​ទិន្នន័យ (Download) និង​កំណើន​នៃ​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​នានា ដែល​នាំ​ឱ្យ​មាន​ភាព​កកស្ទះ​និង​លើស​ពី​ចំណុះ​សមត្ថភាព​ផ្គត់ផ្គង់​។

ខ​. បញ្ហា​សេវា​អ៊ីនធឺណិត​៖
១.​សមត្ថភាព​សេវា​អ៊ីនធឺណិត​មិន​គ្រប់គ្រាន់​ដោយសារ​៖ ១) អ្នក​ប្រើប្រាស់​ទិញ​សេវា​អ៊ីនធឺណិត​ដែល​មាន​ចំណុះ​សមត្ថភាព​សម្រាប់​ឧបករណ៍ ១-២ តែ​ប្រើ​រហូត​ដល់ ៤-៥ ឧបករណ៍​ក្នុង​ពេល​តែ​មួយ និង​/​ឬ ២) ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ីនធឺណិត​ផ្គត់ផ្គង់​ចំណុះ​សមត្ថភាព​មិន​គ្រប់​តាម​ចំនួន​ដែល​អ្នក​ប្រើប្រាស់​បាន​ចុះ​កិច្ចសន្យា​ទិញ​។
២.​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ីនធឺណិត​ដំឡើង​និង​ប្រើប្រាស់​ខ្សែកាប​អុ​ប​ទិ​ក​និង​គ្រឿង​សម្ភារៈ​បរិក្ខា ពុំ​មានគុណ​ភាព​និង​ពុំ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​។
៣.​ការ​អភិវឌ្ឍ​និង​ការ​ស្ថាបនា​កែ​លំអ​ផ្លូវជាតិ ផ្លូវ​ក្រុង និង​ផ្លូវ​ទីប្រជុំជន បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ខ្សែកាប​អុ​ប​ទិ​ក​នៅ​តាម​បណ្តោយ​ដងផ្លូវ​ទាំងនោះ​។
៤.​ក្នុង​រយៈពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទំហំ​នៃ​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​មានការ​កើនឡើង​ប្រមាណ ៥០% ក៏​ប៉ុន្តែ​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​របស់​ប្រតិបត្តិ​ករ​នៅ​មាន​កម្រិត​និង​មិន​ឆ្លើយ​តប​តាម​កំណើន​ដ៏​គំហុក​នេះ​។

គ​. បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​នៅ​តាម​បុរី
១.​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ការ​អភិវឌ្ឍ​បុរី ដោយ​គ្មាន​មាត្រដ្ឋាន​បច្ចេកទេស​ច្បាស់លាស់​និង​ត្រឹមត្រូវ ឬ​មិន​បាន​លៃ​ទុក​ទីតាំង​សម្រាប់​ដំឡើង​ស្ថានីយ​អង់​តែ​ន​ក្នុង​បុរី​។ បុរី​ខ្លះ​ទៀត មានការ​ប្តឹង​តវ៉ា​មិន​ឱ្យ​សាងសង់​ស្ថានីយ​អង់​តែ​ន ដោយ​លើកយក​ហេតុផល​ពុំ​សម​ស្រប ដូច​ជា ខ្លាច​ប៉ះពាល់​ដល់​សុខភាព ឬ​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​។
២.​បុរី​មួយ​ចំនួន​ត្រូវ​បាន​សាងសង់ ដោយ​ពុំ​បាន​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្រោម​ដី​ទុកជា​មុន ឬ​ពុំ​បាន​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​បាន​រៀបចំ​ដែរ ប៉ុន្តែ​មិន​បាន​ល្អ​។
៣.​បុរី​មួយ​ចំនួន​បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​សម្រាប់​តែ​ប្រតិបត្តិ​ករ​មួយ ដែល​ពុំ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​សេវា​ឱ្យ​បាន​ល្អ ដោយ​សមត្ថភាព​នៃ​ការ​ផ្គត់ផ្គង់​សេវា​មិន​សមាមាត្រ​នឹង​ចំនួន​ប្រជាជន​នៅ​ក្នុង​បុរី ឧទាហរណ៍ បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ដែល​មាន​ចំណុះ​សមត្ថភាព​ផ្គត់ផ្គង់ ១០០ គ្រួសារ ប៉ុន្តែ​បែរជា​ត្រូវ​ផ្គត់ផ្គង់​រហូត​ដល់ ៣០០-៥០០ គ្រួសារ​។
៤.​ជា​ទូទៅ សេវា​ទូរ​សព្ទ​ចល័ត​មាន​គ្របដណ្តប់​នៅ​លំហ​ខាងក្រៅ ប៉ុន្តែ​ក្នុង​អគារ​ឬ​លំនៅ​ដ្ឋា​ន ដែល​មាន​បន្ទប់​ឬ​ជញ្ជាំង​ច្រើន សេវា​មិន​អាច​ចូល​ទៅ​ដល់​។ នៅ​ក្នុង​បុរី មានការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) យ៉ាងច្រើន​។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ក​.​ប​.​ទ​. បាន​ដាក់​ចេញ​វិធានការ ដូច​ខាងក្រោម​៖
១.​ចាត់តាំង​ក្រុមការងារ​ចំនួន ៥ តំបន់​នៅ​ទូ​ទាំង​ប្រទេស ដោយ​តំបន់​នីមួយ​ៗ​ទទួល​បន្ទុក ៤-៥ ខេត្ត ដើម្បី​ចុះ​ពិនិត្យ ស្រង់​ទិន្នន័យ និង​រាប់​ចំនួន​ស្ថានីយ​អង់​តែ​ន ដែល​ប្រតិបត្តិ​ករ​ពុំដែល​ផ្តល់​ជូន ទោះបីជា ក​.​ប​.​ទ​. បាន​ស្នើ​សុំ​យ៉ាងណា​ក៏​ដោយ​។ ជា​លទ្ធផល ក​.​ប​.​ទ​. កំណត់​បាន​ទីតាំង​នៃ​គ្រប់​ស្ថានីយ​អង់​តែ​ន ការ​បំពាក់​គ្រឿង​សម្ភារៈ​បរិក្ខា​និង​បច្ចេកវិទ្យា​ដែល​បាន​ប្រើប្រាស់​។ ជំហាន​បន្ទាប់ ក​.​ប​.​ទ​. នឹង​ជំរុញ​ការ​ផ្លាស់​ប្តូរ​គ្រឿង​សម្ភារៈ​បរិក្ខា​និង​បច្ចេកវិទ្យា ព្រមទាំង​ការ​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម ដើម្បី​បង្កើន​គុណភាព​សេវា​។
២.​ចាត់តាំង​ក្រុមការងារ​ចំនួន ៨ សម្រាប់​ចុះ​ពង្រឹងគុណភាព​សេវា​នៅ​តាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បញ្ចប់​កិច្ចសន្យា​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ប្រតិបត្តិ​ករ​ណាមួយ​ក្នុង​ការ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ស្នើ​សុំ​កិច្ចសហការ​ពី​ម្ចាស់​បុរី​ក្នុង​ការ​ជំរុញ​គុណភាព​សេវា​។
៣.​បាន​ទិញ​ឧបករណ៍​វាស់​ស្ទង់​សេវា​ដែល​បំពាក់​លើ​រថយន្ត (Drive Test) ចំនួន ៥ គ្រឿង សម្រាប់​ធ្វើការ​វាស់​ស្ទង់​គុណភាព​សេវា ដើម្បី​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​កែ​លំអ​សេវា ឬ​វិនិយោគ​បន្ថែម​។
៤.​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរ​សព្ទ MPTC Speed Test សម្រាប់​អ្នក​ប្រើប្រាស់​អាច​វាស់​ល្បឿន​សេវា​ទូរ​សព្ទ​និង​សេវា​អ៊ីនធឺណិត​ដោយ​ខ្លួនឯង និង​មាន​សិទ្ធិ​ប្តឹង​មក ន​.​ទ​.​ក​. ដើម្បី​ដោះស្រាយ​។
៥. “​ប្រកាស​ស្តី​ពី​គុណភាព​សេវា​ទូរគមនាគមន៍​” នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ដាក់​កាតព្វកិច្ច​លើ​ប្រតិបត្តិ​ករ​ឱ្យ​ពង្រឹងគុណភាព​សេវា​និង​បណ្តាញ​ទូរគមនាគមន៍​របស់​ខ្លួន ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​។

ទន្ទឹម​នឹង​នេះ ក​.​ប​.​ទ​. សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) ពីព្រោះ​ឧបករណ៍​ទាំងនេះ​កំពុង​ឆ្លង​រំខាន និង​ប៉ះពាល់​គុណភាព​សេវា​។ បន្ថែម​លើ​នេះ​ទៀត ក​.​ប​.​ទ​. ក៏​សំណូមពរ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​នាំ​ចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំ​មានការ​ទទួលស្គាល់​យ​ថា​ប្រភេទ​ពី ន​.​ទ​.​ក​. ជៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​។

ក​.​ប​.​ទ​. ប្តេជ្ញា​បន្ត​លុប​បំបាត់​រាល់​បាតុភាព​អសកម្ម​និង​អវិជ្ជមាន​ក្នុង​វិស័យ​ទូរគមនាគមន៍ ដោយ​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​។ ក​.​ប​.​ទ​. សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​ការ​ចូលរួម​សហការ​ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ គ្រប់​ភាគី​ពាក់ព័ន្ធ និង​អ្នក​ប្រើប្រាស់​ទាំងអស់ ដើម្បី​ធ្វើ​ឱ្យ​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​បាន​ល្អ​ប្រសើរ​ឡើង​។ អាស្រ័យ​ហេតុនេះ សូម ប្រតិបត្តិ​ករ​ទូរគមនាគមន៍ គ្រប់​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប និង​ចូលរួម​សហការ​៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

No photo description available.No photo description available.May be an image of textMay be an image of textNo photo description available.May be an image of text