ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចី តាមអនឡាញខុសច្បាប់

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់ បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបាន អធិប្បាយអំពីល្បិចកល ដែលជនខិលខូច បានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ ក្នុងការអូសទាញជនរងគ្រោះ ឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១-ជនខិលខូចបានបង្កើត ទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ
២-ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការ ចាប់អារម្មណ៍ពីជនរងគ្រោះ
៣-ជនរងគ្រោះអាចធ្វើការ ស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវ រូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាត កាយរបស់ជនរងគ្រោះ
៤- ជនខិលខូចនឹងប្រើប្រាស់ ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែង ជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់
៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយ ជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀតក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធ នឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការ រក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ជៀសវាងការចែករំលែក ឬផ្ញើរឲ្យអ្នកណាម្នាក់ដោយមិនស្គាល់ អត្តសញ្ញាណឬប្រភពច្បាស់លាស់ ៕