នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសារតែភាពពេញនិយម ក្នុងការស្វែងរកកាក់ឌីជីថល (cryptocurrency mining) ដែលជារូបិយប័ណ្ណអេឡិចត្រូនិកនោះ ជនខិលខូចបានបង្កើតកម្មវិធី បោកប្រាស់ជាច្រើនដោយអះអាងថា កម្មវិធីរបស់ពួកគេអាចជួយអតិថិជន ក្នុងការស្វែងរកកាក់ឌីជីថល ដោយមិនចាំបាច់ចំណាយ ថវិកាច្រើនក្នុងការទិញកុំព្យូទ័រ ឬបង់ថ្លៃអគ្គិសនី ដោយអតិថិជនគ្រាន់តែចំណាយលុយបន្តិចបន្តួច ($12.99 ទៅ $259.99) ក្នុងការទិញកម្មវិធីរបស់ពួកគេតែប៉ុណ្ណោះ។
ប៉ុន្តែបើតាមការរកឃើញ របស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា កម្មវិធីទាំងនោះគឺជាកម្មវិធីបោកបញ្ឆោត ហើយវាមិនបានជួយអតិថិជន ក្នុងការស្វែងរកកាក់ឌីជីថលនោះទេ។ អ្នកស្រាវជ្រាវបានហៅកម្មវិធីទាំងនេះថា ជាកម្មវិធី BitScam និង CloudScam ហើយពួកគេបានរកឃើញកម្មវិធីនេះចំនួន ២៥ នៅក្នុង Google Play store និង ១៤៥ ទៀតដែលអាចទាញយកមកពីប្រភពផ្សេងៗ។
ទោះបីជាកម្មវិធីខាងលើភាគច្រើន ត្រូវបានលុបចេញពីកម្មវិធី Play store ហើយក្ដី នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណា ដែលសន្យាថានឹងអាចជួយ រកលុយឱ្យលោកអ្នកបានដោយងាយៗនោះ។ ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នក បានទាញយកកម្មវិធីណាមួយ ដូចបានបង្ហាញនៅក្នុងរូបភាពនេះ លោកអ្នកគួរតែលុបវាចោល ពីក្នុងទូរសព្ទរបស់លោកអ្នក៕