នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយ ដែលត្រូវបានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយដែលអាចជួយ ការពារទិន្នន័យនិងឯកសារសំខាន់ៗ របស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលលោកអ្នកប្រើមុខងារ Secret Chat ដែលមានជាមួយនឹងកម្មវិធីនេះ។
ជាមួយនឹងមុខងារ Secret Chat ក្រុមហ៊ុន Telegram បានប្រើប្រព័ន្ធ End-to-end encryption ដែលសូម្បីតែក្រុមហ៊ុនក៏មិនអាច មើលឃើញទិន្នន័យដែលលោកអ្នកបានផ្ញើ។ ដូច្នេះប្រសិនបើលោកអ្នកចង់ផ្ញើឯកសារ ឈ្មោះគណនី ឬលេខសម្ងាត់ដែលលោកអ្នកមិនចង់ឱ្យ មានការបែកធ្លាយនោះ លោកអ្នកគួរតែប្រើមុខងារនេះ។ ប៉ុន្តែអ្វីដែលកាន់តែល្អប្រសើរនោះ គឺក្រុមហ៊ុនបានបន្ថែមមុខងារ ដែលអាចឱ្យលោកអ្នកកំណត់រយៈពេល ដើម្បីលុបសារទាំងនោះចោល ដោយស្វ័យប្រវត្តិបានទៀតផង។
លោកអ្នកអាចប្រើមុខងារបន្ថែមនេះ នៅពេលដែលលោកអ្នកមិនចង់ឱ្យព័ត៌មាន ដូចជាលេខសម្ងាត់ត្រូវបានរក្សាទុក នៅក្នុងទូរសព្ទរបស់អ្នកទទួល ក្នុងរយៈពេលយូរ ដើម្បីចៀសវាងការបែកធ្លាយព័ត៌មាន នៅពេលដែលទូរសព្ទរបស់ អ្នកទទួលត្រូវបានបាត់ ឬនៅពេលមានជនទីបីចូលប្រើទូរសព្ទនោះ ។
សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone លោកអ្នកអាចចូលទៅប្រើ មុខងារនេះដូចខាងក្រោម៖
– បើកកម្មវិធី Telegram > ជ្រើសរើសអ្នកដែលលោកអ្នកចង់ផ្ញើសារពីក្នុង Contacts
– ចុចលើឈ្មោះ ឬរូបភាពប្រូហ្វាលរបស់អ្នកទទួល
– ចុចលើប៊ូតុង More > ជ្រើសយក Start Secret Chat
– ចុចលើប៊ូតុងរូបនាឡិកា Timer ដើម្បីធ្វើការកំណត់រយៈពេល
គួរបញ្ជាក់ដែរថា ជាមួយមុខងារ Secret Chat វានឹងប្រាប់លោកអ្នកផងដែរប្រសិនបើ អ្នកទទួលបានធ្វើការថតអេក្រង់ (Screenshot) នោះ៕