ជនខិលខូចមិនចាំយូរទេ ក្នុងការបង្កើតកម្មវិធីមេរោគ សម្រាប់វាយលុកកុំព្យូទ័រ Apple MacBook ដែលប្រើប្រូសេសស័រ M1

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់កុំព្យូទ័រ ដែលមានប្រូសេសស័រ M1 ដែលក្រុមហ៊ុនបានបង្កើត ដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នា ទៅនឹងប្រូសេសស័រដែលមាននៅក្នុងទូរសព្ទ iPhone ដែរនោះ។ ប្រូសេសស័រ គឺជាបន្ទះឈីប (Chips) ដែលមានមុខងារសម្រាប់ គ្រប់គ្រងប្រព័ន្ធកុំព្យូទ័រទាំងមូល ហើយដែលយើងចូលចិត្តហៅវាថា ជាខួរក្បាលរបស់កុំព្យូទ័រ។

ប្រូសេសស័រ M1 ថ្មីនេះមិនទាមទារប្រើប្រាស់ ថាមពលច្រើនហើយថែមទាំង មានល្បឿនលឿនប្រសិនបើយើងប្រៀបធៀប ទៅនឹងប្រូសេសស័រដែល យើងធ្លាប់ឃើញពីមុនមក ប៉ុន្តែវាទាមទារឱ្យអ្នកអភិវឌ្ឍ កម្មវិធីធ្វើការផ្លាស់ប្ដូរកូដដើម្បីអាច ប្រើជាមួយនឹងប្រូសេសស័រថ្មីនេះ។ ទោះជាយ៉ាងណាក្ដី ក្នុងពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញ កម្មវិធីមេរោគសម្រាប់វាយលុកចូល ក្នុងកុំព្យូទ័រប្រភេទថ្មីនេះរួចមកហើយដែរ។

មេរោគថ្មីនេះគឺជាកម្មវិធីបន្ថែម (Extension) សម្រាប់កម្មវិធី Safari ដែលមានឈ្មោះថា GoSearch22 ហើយវាគឺជាមេរោគដែលបាន បង្កើតឡើងសម្រាប់ប្រូសេសស័រ Intel x86។ មេរោគនេះអាចទាញយក ទិន្នន័យអ្នកប្រើប្រាស់ និងបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានព្រមានថា ក្រុមជនខិលខូចអាចបន្ថែមមុខងារ ដែលគ្រោះថ្នាក់ជាងនេះក្នុងពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវក៏ពុំបានដឹងទេថា តើហេតុអ្វីបានជាក្រុមហ៊ុន Apple បានផ្ដល់ការអនុញ្ញាតឱ្យកម្មវិធីនេះ អាចបញ្ចូលទៅក្នុងកុំព្យូទ័របាន ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនបានបិទ មិនឱ្យបញ្ចូលកម្មវិធីនេះ ទៅក្នុងកុំព្យូទ័របានទៀតទេ ៕