ក្លិបបាល់ទាត់វិសាខាបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្លិប Yokohama FC ដែលទើបប្រម៉ូតឡើងមកលេងនៅក្របខណ្ឌកំពូលប្រទេសជប៉ុន នារដូវកាល ២០២០ ខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន។
កាលពីម្សិលមិញ ក្លិបកីឡាបាល់ទាត់វិសាខា បានជួបជុំពិភាក្សាគ្នាជាមួយក្លិបនាលីគកំពូលរបស់ជប៉ុន ខណៈដែលព្រឹកមិញនេះ វិសាខា ក៏បានប្រកាសជាសាធារណៈថា៖ “ក្លិបកីឡាបាល់ទាត់វិសាខា មានក្ដីសោមនស្សរីករាយ ក្នុងការប្រកាសចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្លិប Yokohama FC ដែលជាក្លិបសមាជិក J1-League 2020 ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងក្លិបទាំងពីរ ពិសេសការផ្លាស់ប្ដូរកីឡាករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត”។
ពិធីចុះ MoU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ស សុខា ស្ថាបនិកក្លិបកីឡាបាល់ទាត់វិសាខា, លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC របស់ជប៉ុន ព្រមទាំងក្រុមការងារក្លិបទាំងពីរផងដែរ ៕
អត្ថបទ៖ មៃ ចាន់បុត្រ



