ភ្នំពេញ៖ អ្នកប្រដាល់ដែលមកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាកីឡាករក្នុងក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឃឹម ឌីម៉ា នឹងធ្វើការស្វាគមន៍សារជាថ្មីជាមួយកីឡាករថៃ Yuok Phit នៅសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នេះ។
គេនៅចាំបានថាកាលពីចុងឆ្នាំ២០១៦ កីឡាករពីររូបខាងលើនេះ ធ្លាប់បានប៉ះគ្នា ម្តងរួចទៅហើយ ដោយកាលនោះ ៥ទឹក ត្រឹមបានលទ្ធផល ស្មើតែប៉ុណ្ណោះ ។ លើកនេះ Yuok Phit នឹងមកទូទាត់បញ្ជីស្មើនោះ ឲ្យឃើញសខ្មៅ តាមរយៈជង្គង់ កែង ទាត់ ជាមួយសិស្សលោក គ្រូ ហេង ប៊ុនឃីម ឲ្យដឹងសខ្មៅតែម្តង។
គួរបញ្ជាក់ផងដែរថា ឃឹម ឌីម៉ា ដែលមានកម្ពស់ 1.70 m ធ្លាប់មានប្រវត្តិប្រកួត ១០១ លើក ឈ្នះ៨៧លើក ចាញ់១២លើក និងស្មើ២ដង ។ ដោយឡែកកីឡាករថៃដែលមកជម្រះបញ្ជីនេះ មានកម្ពស់ 1.66 m ប្រវត្តិប្រកួត ៧៨លើក ឈ្នះ ៦៧លើក ចាញ់ ១១លើក ហើយសម្រាប់គូនេះនឹងធ្វើការប្រកួតក្នុងប្រភេទទម្ងន់ 63.5 Kg ៕