កីឡាករ Kylian Mbappe នៅតែរង់ចាំជ័យជម្នះ Champions League ជាលើកដំបូងក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ បន្ទាប់ពីការសម្រេចចិត្តផ្លាស់ប្តូរពី Paris Saint-Germain ទៅ Real Madrid មួយឆ្នាំមុនពេលក្រុមយក្សនៅក្របខណ្ឌ Ligue 1 ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ទ្វីបអឺរ៉ុប។
ក្រុម Los Blancos មានការប្តេជ្ញាចិត្តដើម្បីដណ្តើមយកជើងឯកទ្វីបនេះម្តងទៀតក្នុងរដូវកាលនេះ។ Mbappe បានស៊ុតបាន ៤ គ្រាប់ នៅក្នុងការប្រកួតបួនលើកនៅពេលចាប់ផ្តើមរដូវកាលថ្មីនេះ។
ឥឡូវនេះគាត់កំពុងត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយក្រុម Marseille ។ Mbappe មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ទល់នឹងក្រុមដែលមកពីកីឡដ្ឋាន Stade Velodrome ដោយបានស៊ុតបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង ក្នុងការបង្ហាញខ្លួន ១៥ លើក សម្រាប់ក្រុម Monaco និង PSG។
Mbappe បានប្រាប់ទូរទស្សន៍ Telefoot អំពីការប្រឈមមុខជាមួយគូប្រជែងដែលធ្លាប់ស្គាល់ថា៖ «ខ្ញុំស៊ុតបានគ្រាប់បាល់ច្រើនទល់នឹង Marseille។ ពួកគេបានផ្លាស់ប្តូរច្រើនជាមួយនឹងគម្រោងថ្មីមួយ»។
«វាពិតជាល្អណាស់ដែលបានជួបក្រុមបារាំងម្តងទៀត។ លើសពីនេះ យើងនឹងលេងនៅផ្ទះ នៅ Bernabeu។ វាល្អណាស់ ពួកគេមិនបានលេងនៅក្នុង Champions League អស់រយៈពេលជាយូរមកហើយ។ វាពិតជារីករាយដែលបានលេងទល់នឹងពួកគេ វានឹងនាំមកនូវអនុស្សាវរីយ៍ល្អៗ»។
Mbappe បានស៊ុតបញ្ចូលទីសម្រាប់ក្រុម Madrid ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ខណៈដែលក្រុមរបស់លោក Xabi Alonso បានប្រយុទ្ធដើម្បីទទួលបានជ័យជម្នះ ២-១ លើក្រុម Real Sociedad ដោយមានកីឡាករត្រឹមតែ ១០ នាក់ប៉ុណ្ណោះ។ បន្ទាប់ពីប្រឈមមុខជាមួយក្រុម Marseille នៅពាក់កណ្តាលសប្តាហ៍ ពួកគេនឹងបន្តនៅផ្ទះសម្រាប់ជំនួប Liga ទល់នឹងក្រុម Espanyol នៅចុងសប្តាហ៍ក្រោយ៕







