មួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Man City តារាឆ្នើមរបស់ក្លឹប Lyon បានស្នើឲ្យមានការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Etihad កាន់តែឆាប់។ កីឡាករវ័យ ២១ឆ្នាំរូបនេះបាននិយាយខ្លីៗ បន្ទាប់ពីការចាញ់ ៥-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ហើយគាត់បានប្តូរចូលលេងដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តងកាលពីថ្ងៃព្រហស្បតិ៍។
គាត់បានប្រាប់ Telefoot តាមរយៈ Fabrizio Romano ថា៖ «បាទ… វារួចរាល់ហើយ។ ប៉ុន្តែអ្នកដឹងចម្លើយរបស់ខ្ញុំរួចហើយ អ្នករាល់គ្នាដឹង។ ប៉ុន្តែនៅតែមានការប្រកួតដែលត្រូវលេង។ ឥឡូវនេះ យើងត្រូវរីករាយ និងផ្តល់អ្វីៗគ្រប់យ៉ាង ប៉ុន្តែបន្ទាប់ពីវាបានរួចរាល់»។
កីឡាករ Cherki ត្រូវបាននិយាយថាមានលក្ខខណ្ឌដោះលែង ២៥លានផោននៅក្នុងកិច្ចសន្យារបស់គាត់ជាមួយក្លឹប Lyon ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦។ ហើយការបង្ហាញពីទម្រង់លេងរបស់គាត់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ២០ដង បានធ្វើអោយគាត់ក្លាយជាកីឡាករម្នាក់ដែលលោក Pep Guardiola ចង់បាន។
វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះសម្រាប់កីឡាករ Cherki ដើម្បីធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹប City សម្រាប់រដូវកាល ២០២៥-២៦។ មុនពេលនោះ គាត់អាចបង្ហាញខ្លួនឱ្យបារាំងទល់នឹងអាល្លឺម៉ង់ក្នុងពាន Nations League នៅថ្ងៃអាទិត្យ៕