កីឡាករវ័យ ៤០ឆ្នាំរូបនេះបានបង្ហាញខ្លួនដើម្បីបញ្ជាក់ថាគាត់នឹងចាកចេញពី Al-Nassr ភ្លាមៗបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Saudi Pro League នៅពេលដែលគាត់បាននិយាយថា «ជំពូកនេះត្រូវបានបញ្ចប់»។ ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះនឹងស្នាក់នៅ Al-Nassr បន្តទៀត ខណៈ «កិច្ចព្រមព្រៀង» រវាងភាគីទាំងពីរត្រូវបានរៀបចំ ស្របពេលប្រភពអារ៉ាប៊ីសាអូឌីតបញ្ជាក់ថាគាត់បានបន្តកិច្ចសន្យារបស់ខ្លួនរួចហើយ។
កីឡាករ Ronaldo បានធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពបាល់ទាត់នៅពេលដែលគាត់បានបញ្ចេញមតិទាំងនោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបដែលមានបំណងចង់ចុះហត្ថលេខាលើគាត់។ ប៉ុន្តែប្រសិនបើរបាយការណ៍ទាំងនេះក្លាយជាការពិត នេះជាការវិលត្រលប់របស់អតីតតារាឆ្នើមក្លឹប Real Madrid ដែលនៅតែមិនទាន់មានគម្រោងចូលនិវត្តន៍នៅឡើយ។
របាយការណ៍បន្ថែមថា ខណៈដែលរយៈពេលនៃកិច្ចសន្យាមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ អតីតកីឡាកររបស់បិសាចក្រហម Ronaldo ត្រូវបានគេរំពឹងថានឹងបន្តនៅជាមួយ Al-Nassr រហូតដល់ឆ្នាំ២០២៧ ដែលនៅពេលនោះគាត់នឹងមានអាយុ ៤២ឆ្នាំ។ សម្រាប់ពេលនេះ លក្ខខណ្ឌបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងខែមិថុនា ដូច្នេះនៅតែមានពេលវេលាសម្រាប់កិច្ចព្រមព្រៀងដែលត្រូវធ្វើឡើង។
ភ្នែកជាច្រើនកំពុងសម្លឹងមើលថាទៅកាន់កីឡាករ Ronaldo ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុមដែលចូលរួមក្នុងការប្រកួត Club World Cup នៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ ប៉ុន្តែតើគាត់នឹងបន្តការស្នាក់នៅក្លឹប Al-Nassr ឬប្រសិនបើគាត់នឹងធ្វើការផ្លាស់ប្តូរចុងក្រោយនៅក្នុងអាជីពដ៏ភ្លឺស្វាងរបស់គាត់៕