យោងតាមការចេញផ្សាយរបស់លោក Gianluca Di Marzio អ្នកសារព័ត៌មានរបស់ Sky Sport Italia បានអោយដឹងថាអតីតគ្រូបង្វឹកក្រុម Juventus លោក Motta គឺជាឈ្មោះចុងក្រោយបំផុតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនៅក្លឹប AC Milan សម្រាប់រដូវកាលក្រោយ។ លោក Sergio Conceicao គ្រោងនឹងចាកចេញ ក្រោយដឹកនាំបានតែ ៦ខែប៉ុណ្ណោះ បន្ទាប់ពីទទួលបានលទ្ធផលខកចិត្តជាច្រើន ដោយក្លឹបកំពុងស្វែងរកអ្នកជំនួសរយៈពេលវែងដ៏សមរម្យមួយដើម្បីស្តារក្លឹបឡើងវិញ។
លោក Motta ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកចាត់ការវ័យក្មេងល្អបំផុតមួយរូបក្នុងពិភពលោក បន្ទាប់ពីដឹកនាំក្រុម Bologna ឱ្យទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ ២០២៣-២៤ និងទទួលបានកៅអីលេងនៅក្នុងក្របខ័ណ្ឌ Champions League ។ គាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹប Juventus កាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបានបណ្តេញចេញក្នុងខែមីនា បន្ទាប់ពីដឹកនាំបានត្រឹមតែ ៤២ប្រកួតប៉ុណ្ណោះ។ ឥឡូវនេះគាត់មិនទាន់មានការងារធ្វើនោះទេ ហើយបុរសសញ្ជាតិអ៊ីតាលីក្លាយជាអ្នកចាត់ការចុងក្រោយគេដែលចូលរួមក្នុងបញ្ជីបេក្ខជនដែលកំពុងត្រូវបានក្រុម Milan សម្លឹងមើលដើម្បីជំនួស Conceicao ។
លោក Motta មិនមែនជាអ្នកចាត់ការតែម្នាក់គត់ដែលស្ថិតក្នុងបញ្ជីរបស់ក្លឹប AC Milan ក្នុងរដូវក្ដៅនេះទេ។ គ្រូបង្វឹករបស់ Marseille លោក Roberto De Zerbi ត្រូវបានគេរាយការណ៍ថាចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ហើយបានចាប់អារម្មណ៍លើការងាររបស់ Milan ខណៈពេលដែលលោក Antonio Conte ក៏ត្រូវបានគេរាយការណ៍ថានឹងចាកចេញពី Napoli ទៅចូលរួមជាមួយ Milan ផងដែរ។ អ្នកចាត់ការទូទៅរបស់ Bologna បច្ចុប្បន្នលោក Vincenzo Italiano គឺជាឈ្មោះមួយផ្សេងទៀតនៅលើរ៉ាដារបស់ពួកគេ។
ក្លឹប Milan នឹងលេងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Serie A របស់ពួកគេនៅចុងសប្តាហ៍នេះក្នុងក្តីសង្ឃឹមនៃការទទួលបានកៅអីលេងសម្រាប់ពានទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ។ ពួកគេនឹងប៉ះក្រុម Monza នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា៕