ដំបូងឡើយកីឡាករ Pogba ត្រូវបានពិន័យព្យួរការប្រកួតរយៈពេល ៤ឆ្នាំ បន្ទាប់ពីទាក់ទងនឹងបញ្ហាសារធាតុញៀន បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Serie A ជាមួយ Udinese ក្នុងខែសីហា ឆ្នាំ២០២៣។ បន្ទាប់មកការហាមឃាត់ត្រូវបានកាត់បន្ថយមកត្រឹម ១៨ខែ ដែលមានន័យថាកីឡាករសញ្ជាតិបារាំងនឹងអាចត្រលប់មកប្រកួតប្រជែងក្នុងខែមីនា។ ទោះជាយ៉ាងណាក៏ដោយក្លឹប Juventus បានចាប់ផ្តើមគម្រោងថ្មីមួយក្រោមការដឹកនាំរបស់លោក Thiago Motta នៅរដូវកាលនេះ ហើយពេលវេលារបស់ Pogba នៅកីឡដ្ឋាន Allianz នឹងត្រូវបញ្ចប់។
ពេលនេះក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចសន្យារបស់កីឡាករ Pogba ដោយមានការយល់ព្រមពីភាគីទាំងសងខាង។ ការប្រកាសជាផ្លូវការពី Juventus ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍មួយបានសរសេរថា៖ «ក្លឹបបាល់ទាត់ Juventus និងកីឡាករ Paul Pogba ប្រកាសថាពួកគេបានយល់ព្រមចំពោះការបញ្ចប់កិច្ចសន្យាការងារកីឡា ដែលចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤»។
«ក្លឹបសូមជូនពរកីឡាករ Paul ជួបតែអ្វីដែលល្អបំផុតសម្រាប់អនាគតអាជីពរបស់គាត់»។
នៅឆ្នាំ២០២២ កីឡាករ Pogba បានចូលរួមជាមួយក្លឹប Juventus ពី Manchester United ជាថ្មីម្តងទៀត ជាមួយនឹងកិច្ចសន្យាប្រាក់ឈ្នួល ៨លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta della Sport បានអោយដឹងថាការបញ្ចប់កិច្ចសន្យារបស់ Pogba មានន័យថា Juventus នឹងសន្សំបានប្រហែល ៣០លានអឺរ៉ូ រួមទាំងប្រាក់ខែប្រចាំឆ្នាំរបស់គាត់ និងប្រាក់រង្វាន់ដែលគាត់នឹងទទួលបានក្នុងរយៈពេល ១២ខែចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករសញ្ជាតិបារាំងបច្ចុប្បន្នកំពុងហ្វឹកហាត់នៅទីក្រុង Miami ខណៈដែលគាត់មើលទៅមានរូបរាងសាកសមក្នុងការត្រលប់មកកាន់ទីលានវិញនៅក្នុងខែមិនា។ គាត់នឹងត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមហ្វឹកហាត់ជាមួយក្លឹបជាផ្លូវការនៅខែមករា៕