ក្លឹប Barcelona បានចាប់ផ្តើមរដូវកាលដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក Flick ក្នុងរដូវកាលនេះ ខណៈដែលក្រុមយក្សកាតាឡាន់បច្ចុប្បន្នកំពុងនាំមុខលើតារាង La Liga ដោយមាន ៦ពិន្ទុពីលើក្រុម Real Madrid ជាមួយនឹងទម្រង់លេងដ៏ក្លាហានរបស់ពួកគេទាំងការពារ និងវាយលុក។ កីឡាករ Robert Lewandowski, Raphinha និង Lamine Yamal ខ្សែប្រយុទ្ធទាំងបីរបស់ Barcelona បានរួមគ្នារកគ្រាប់បាល់បាន ៣៧គ្រាប់ក្នុង ១៧ប្រកួតសម្រាប់គ្រប់ការប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯក Champions League ប្រាំសម័យកំពុងសម្លឹងឆ្ពោះទៅរកការបន្ថែមកម្លាំងបន្ថែមទៀតដល់ការវាយប្រហាររបស់ពួកគេនៅរដូវក្តៅក្រោយ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Kvaratskhelia នៅ Napoli មានសុពលភាពដល់ឆ្នាំ២០២៧ ហើយកីឡាករសញ្ជាតិហ្សកហ្ស៊ី និងភ្នាក់ងាររបស់គាត់បានច្រានចោលសំណើររបស់ក្លឹប Napoli ក្នុងការចង់បន្តកុងត្រាថ្មីរបស់គាត់។ ដូច្នេះហើយ ខាងក្លឹបយក្សនៅក្របខណ្ឌ Serie A អាចនឹងត្រូវបង្ខំចិត្តលក់គាត់នៅរដូវក្តៅក្រោយ ក្នុងតម្លៃទាបជាង ១៣០លានអឺរ៉ូ ដែលបានកំណត់នៅក្នុងកិច្ចសន្យារបស់គាត់។
នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថាក្លឹប Barcelona កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិហ្សកហ្ស៊ីនារដូវក្តៅក្រោយ ហើយបានរៀបចំសំណើរដែលមានតម្លៃ ៨០លានអឺរ៉ូ។ ចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kvaratskhelia ឥឡូវនេះអាចជាសញ្ញានៃការបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Nico Williams របស់ក្លឹប Athletic ។
នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Kvaratskhelia បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ដែលក្លឹបអេស្ប៉ាញដាក់អទិភាពក្នុងការផ្ទេរយក។
កីឡាករវ័យ ២៣ឆ្នាំរូបនេះបានធ្វើអោយមានការទាក់ទាញជាថ្មីម្តងទៀតចាប់តាំងពីការចាប់ផ្តើមរដូវកាលនេះសម្រាប់ក្លឹប Napoli។ គាត់នឹងមានវត្តមានសម្រាប់ក្រុមរបស់លោក Antonio Conte ដែលឈរនៅលើកំពូលតារាង Serie A នៅពេលពួកគេជួបក្រុម Roma នៅថ្ងៃទី២៤ ខែវិច្ឆិកា៕