កីឡាករ Torres មិនត្រូវបានជ្រើសរើសសម្រាប់ក្លឹប Barcelona នោះទេ ដោយសារតែកីឡាករ Lamine Yamal និង Raphinha កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងកីឡាករ Robert Lewandowski នៅក្នុងតំបន់ប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាស្ថានភាពរបស់កីឡាករ Torres បានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្រុម Arsenal ដោយក្រុមកាំភ្លើងធំនឹងព្យាយាមក្នុងការចុះហត្ថលេខាយកគាត់នៅក្នុងខែមករា។
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានបើកចំហរក្នុងការលក់ Torres នៅពេលដែលទីផ្សារដោះដូរកីឡាករបើកក្នុងខែមករា បើទោះបីជាកីឡាកររូបនេះចង់ស្នាក់នៅបន្ត និងបង្ហាញខ្លួននៅក្រោមការដឹកនាំរបស់លោក Hansi Flick ក៏ដោយ។ ប៉ុន្តែគាត់ទើបតែបង្ហាញខ្លួនបានតែ ៥ដងប៉ុណ្ណោះនៅក្នុង La Liga នៅរដូវកាលនេះ ហើយគាត់ភាគច្រើនស្ថិតនៅក្នុងកៅអីបម្រុង មិនមែនជាជម្រើសដំបូងនោះទេ។ កុងត្រារបស់កីឡាករវ័យ ២៤ឆ្នាំមានរហូតដល់ឆ្នាំ២០២៧។
ក្លឹប Arsenal អាចត្រូវប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាយកកីឡាករ Torres ។ គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery ក៏ជាអ្នកគាំទ្រកីឡាករសញ្ជាតិអេស្ប៉ាញ និងអាចព្យាយាមទាក់ទាញគាត់ឱ្យទៅ Villa Park ខណៈដែលគាត់ព្យាយាមបង្កើតក្រុមដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League ៕