កីឡាករ Araujo វ័យ ២៥ឆ្នាំបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍ពីក្លឹប Chelsea និងក្លឹប PSG ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្តៅខិតជិតដល់ទីបញ្ចប់។ ក្លឹប Premier League មិនខ្វះខ្សែការពារកណ្តាលនោះទេ ប៉ុន្តែយោងទៅតាម L’Equipe បានអោយដឹងថាពួកគេបានទាក់ទងជាមួយក្លឹប Benfica ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយក្លឹប PSG សម្រាប់ការចុះហត្ថលេខាយកកីឡាករ Araujo។
ខ្សែការពារកណ្តាល Wesley Fofana, Benoit Badiashile និង Levi Colwill ត្រូវបានដាក់ចូលទៅក្នុងទីផ្សារដោះដូរជាមួយនឹងកីឡាករ Tosin Adarabioyo ខណៈដែលកីឡាករ Axel Disasi និង Trevoh Chalobah នៅតែមានឈ្មោះសម្រាប់ក្រុមនៅ Stamford Bridge បើទោះបីជាមានព័ត៌មានជាច្រើនជុំវិញអនាគតរបស់ពួកគេក៏ដោយ។ ប៉ុន្តែក្លឹប Chelsea បានបង្ហាញរួចហើយនៅក្នុងរដូវក្តៅនេះ ថាពូកគេមិនព្រួយបារម្ភដែលមានកីឡាករច្រើននៅក្នុងក្រុមនោះទេ ហើយកីឡាករ Araujo អាចជាកីឡាករបន្ទាប់ដែលនឹងត្រូវបមកចូលរួមជាមួយក្រុមនៅភាគខាងលិចទីក្រុងឡុងដ៍។
ក្លឹប Chelsea កំពុងព្យាយាមទាញយកអត្ថប្រយោជន៍ពីដំណើរការយឺតយ៉ាវរបស់ក្លឹប PSG សម្រាប់ការផ្ទេរកីឡាករ Araujo។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹបយក្សនៅ Ligue 1 ត្រូវតែលក់ខ្សែការពារកណ្តាលម្នាក់មុននឹងពួកគេអាចចុះហត្ថលេខាយកកីឡាកររបស់ Benfica។ កីឡាករ Milan Skriniar ត្រូវបានគេចាត់ទុកថាជាចំណែកលើស ហើយត្រូវបានគេរំពឹងថានឹងត្រូវចាកចេញ។
ក្រុមរបស់លោក Enzo Maresca បានមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរកីឡាករនៅក្នុងទីផ្សារដោះដូរ បើទោះបីជាការផ្ទេរយក Jadon Sancho ហាក់ដូចជាមិនលេចចេញជារូបរាងក៏ដោយ។ ពួកគេក៏កំពុងធ្វើការប្រកួតប្រជែងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli៕