បរទេស៖ កីឡាករ Neves គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានចំណាប់អារម្មណ៍ច្រើនបំផុតនៅអឺរ៉ុប ហើយអាចនឹងចាកចេញពីក្លឹប Benfica ក្នុងរដូវក្ដៅនេះ។ លោក Costa ដែលជាប្រធានក្លឹបបានសារភាពថាក្លឹបនៅព័រទុយហ្គាល់កំពុងពិភាក្សាអំពីសំណើរដែលធ្វើឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយថាពួកគេថែមទាំងត្រៀមខ្លួនទទួលយកសំណើរក្រោមតម្លៃ ១២០លានអឺរ៉ូរបស់កីឡាករ Neves ។
ទាំងតម្លៃ និងប្រភពនៃការផ្តល់ជូននេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែគេអាចទាយបានថាវាមកពីណា។ លោក Costa ហាក់ដូចជាចង់សំដៅលើសំណើ ៧០លានអឺរ៉ូរបស់ក្លឹប PSG ខណៈពេលដែលវាត្រូវបានគេអះអាងកាលពីខែមុនថាក្លឹប United និង Arsenal បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរផ្ទេរខ្សែបម្រើរូបនេះ។
លោក Costa បានប្រាប់ទៅកាន់ A Bola ថា៖ “ខ្ញុំមិនដែលនិយាយថា Joao Neves នឹងចាកចេញសម្រាប់តែតម្លៃផ្តាច់កុងត្រារបស់គាត់នោះទេ ដូច្នេះហើយការអះអាងទាំងនោះគឺមិនពិត។ អ្វីដែលខ្ញុំអាចនិយាយបានទាក់ទងនឹង Joao Neves គឺថាមានសំណើរនៅលើតុ។ នោះគឺជាព័ត៌មានក្នុងថ្ងៃចុងក្រោយនេះ ប៉ុន្តែខ្ញុំមិននិយាយថាសំណើនេះមកពីណាខ្លះនោះទេ”។
“មានសំណើមួយនៅលើតុដែលកំពុងត្រូវបានគេវាយតម្លៃ និងកំពុងពិភាក្សា។ ប៉ុន្តែនៅពេលនេះ Joao Neves នៅតែជាកីឡាករ Benfica ដដែល។ វាមិនមែនជារឿងដែលខ្ញុំចង់លាក់បាំងទេ ព្រោះខ្ញុំយល់ថាអ្នកគាំទ្រ Benfica ចង់ដឹងថាតើ Joao នឹងចាកចេញឬអត់”។
“ប៉ុន្តែនៅពេលនេះ មានការចរចារជាបន្ត ដូច្នេះសូមអនុញ្ញាតឱ្យខ្ញុំត្រូវរក្សាការសំងាត់នៅប្រធានបទមួយនេះ ដូច្នេះយើងអាចថែរក្សាអ្វីដែលនឹងក្លាយជាលទ្ធផលល្អបំផុតសម្រាប់ Benfica”។
កីឡាករ Neves មានវ័យ ១៩ឆ្នាំ បានបង្ហាញនៅទម្រង់លេងដ៏ល្អនៅរដូវកាល ២០២៣-២៤ ដោយទទួលបាននៅពាន Primeira Liga Team of the Year និងបានបង្ហាញខ្លួនពីរដងសម្រាប់ព័រទុយហ្គាល់នៅ Euro ២០២៤ ។
ការបញ្ជាក់របស់លោក Costa ថាក្លឹបមិនចាំបាច់ត្រូវតែអោយកីឡាករ Neves ចាកចេញលុះត្រាដែលមានសំណើរស្នើរទៅនឹងតម្លៃផ្តាច់កុងត្រានោះទេ។ កត្តានេះបានធ្វើអោយយើងមើលឃើញថាក្លឹប PSG កំពុងតែនាំមុខគេ ខណៈក្លឹប United បានផ្តោតទៅលើការផ្ទេរ Manuel Ugarte និង Arsenal ទំនងជាមិនអាចប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុជាមួយក្លឹបបារាំង៕