ចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាករ Arda Guler គាត់ក៏បានចេញមកបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់គាត់ជាមួយ Real Madrid សម្រាប់រដូវកាលខាងមុខនេះ ដោយច្រានចោលពាក្យចចាមអារ៉ាមអំពីការចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។
នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានអោយដឹងថាទោះបីជាជួបប្រទះនឹងការខ្វះខាតពេលវេលាលេងនៅលើទីលានក៏ដោយ ក៏ខ្សែបម្រើវ័យ ១៩ ឆ្នាំរូបនេះបានប្តេជ្ញាក្នុងការបន្តនៅជាមួយក្លឹប Real Madrid។ ជាមួយនឹងការផ្ទេរមកពីក្លឹប Fenerbahce ក្នុងតម្លៃ ២០លានអឺរ៉ូ កាលពីរដូវក្តៅមុន កីឡាករ Guler បានបង្ហាញខ្លួនតិចតួចនៅលើទីលាន ដោយបង្ហាញខ្លួនសរុបបានត្រឹមត្រុវ ៩៨នាទីប៉ុណ្ណោះសម្រាប់ក្លឹប Real Madrid។ នេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមអំពីការចាប់អារម្មណ៍ពីក្លឹប Sevilla ដែលត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅភ្នាក់ងាររបស់កីឡាករ Guler សម្រាប់សំណើររដូវកាល ២០២៤-២៥។
ទោះជាយ៉ាងណាក៏ដោយ កីឡាករ Guler នៅតែប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់គាត់ក្នុងការបន្តនៅក្លឹប Real Madrid ក្នុងគោលបំណងពង្រឹងកន្លែងរបស់គាត់នៅក្នុងក្រុម និងរួមចំណែកសម្រាប់ភាពជោគជ័យរបស់ក្រុមនៅក្នុងយុទ្ធនាការនាពេលខាងមុខ៕