ចាប់តាំងពីក្រុមកាំភ្លើងធំបានចុះហត្ថលេខាលើកីឡាករ David Raya ក្នុងលក្ខខ័ណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់កាលពីរដូវក្តៅមុន បានធ្វើអោយអ្នកចាំទី Aaron Ramsdale កាត់បន្ថយម៉ោងលេងរបស់ខ្លួន និងក្លាយជាកីឡាករបម្រុង។ អ្នកចាំទី Ramsdale ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Mikel Arteta កាលពីរដូវកាល ២០២២-២៣ បានប្រាប់អំពីការមិនសប្បាយចិត្តចំពោះការខ្វះខាតការប្រកួត ហើយចង់ធ្វើការផ្ទេរចេញពីទឹកដី Emirates ក្នុងទីផ្សារដោះដូរខាងមុខ។
នៅពេលនេះ តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹប Newcastle United បានបង្ហាញនៅចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកអ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះ។ ក្លឹបសារិកាព្រៃ ដែលពេលនេះមានកីឡាករ Martin Dubravka ជាអ្នកចាំទីជម្រើសទី១ ខណៈកីឡាករ Nick Pope អាចរំពឹងថានឹងជាសះស្បើយពីរបួសស្មានាខែមេសានេះ។
គ្រូបង្វឹកក្លឹប Newcastle លោក Eddie Howe ត្រូវបានគេស្គាល់ថាជាអ្នកកោតសរសើរអ្នកចាំទី Ramsdale ដោយបានចុះហត្ថលេខាយកគាត់ពីក្លឹប Sheffield United មកកាន់ក្លឹប AFC Bournemouth ក្នុងឆ្នាំ ២០១៧ ហើយបន្ទាប់មកដឹកនាំគាត់បានរយៈពេលមួយឆ្នាំ។
អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះសង្ឃឹមថានឹងអាចក្លាយជាកីឡាករជម្រើសដំបូងរបស់ Arteta ខណៈដែលក្រុមកាំភ្លើងធំត្រូវជួបក្រុម Luton Town ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃពុធ៕