បរទេស៖ កុងត្រារបស់កីឡាករ Luka Modric ជាមួយក្លឹប Real Madrid នឹងផុតនៅរដូវក្តៅនេះ ប៉ុន្តែលោក Carlo Ancelotti គ្រូបង្វឹករបស់ក្លឹប Real បានបង្ហាញថា អ្នកគ្រប់គ្រងមិនទាន់ធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាកររូបនេះនៅឡើយទេ។
លោក Ancelotti បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “មនុស្សគ្រប់គ្នានិយាយអំពីរដូវកាលក្រោយ លើកលែងតែពួកយើង យើងមិនទាន់និយាយទេ។ Luka ផ្តោតទៅលើការប្រកួតរដូវកាលនេះ និងទៅលើធ្វីដែលចង់ធ្វើ គឺបញ្ចប់រដូវកាលអោយបានល្អ។ អនាគតរបស់បុគ្គល និងក្លឹប យើងនឹងធ្វើការសម្រេចចិត្តនៅពេលដែលរដូវកាលបានបញ្ចប់ ពីព្រោះយើងនៅមានពេលដែលអាចធ្វើវាបាន។ ខ្ញុំមិនគិតថាមនុស្សគ្រប់គ្នាមានចំណាប់អារម្មណ៍ក្នុងការនិយាយអំពីអនាគតនៅពេលនេះទេ”៕