បរទេស៖ កីឡាករ Kelleher បានចូលរួមជាមួយនឹងក្លឹប Liverpool អស់រយៈពេល ៨ឆ្នាំហើយ ដោយបានចេញពីក្រុមយុវជនមុននឹងចូលមកលេងនៅក្រុមឈុតធំកាលពីឆ្នាំ២០១៩។ ចាប់ពីពេលនោះមក គាត់ក៏បានក្លាយជាអ្នកចាំទីជម្រើសទី២ របស់លោក Klopp។
ដោយស្ថិតនៅពីក្រោយអ្នកចាំទី Alisson ធ្វើអោយកីឡាករ Kelleher ដែលមានវ័យ ២៥ឆ្នាំ បានបង្ហាញខ្លួនទើបតែ ២៧ប្រកួតអោយក្លឹបសម្រាប់ក្រុមឈុតធំ និងចំនួន ១០ដងអោយក្រុមជម្រើសជាតិ Ireland។
ជាមួយនឹងការចង់បានពេលវេលាលេងច្រើនជាងមុន Kelleher បានបើកចំហរនៅការចង់ចាកចេញពីក្លឹប Liverpool ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែត្រូវបានលោក Klopp ធ្វើការហាមប្រាម មិនអោយមានការផ្ទេរ ពីព្រោះតែគាត់ជាអ្នកចាំទីដែលធំលូតលាស់ឡើងពីក្រុមយុវជនរបស់ក្លឹប។
លោក Klopp បាននិយាយថា “ពួកយើងបានពិភាក្សាកាលពីរដូវក្តៅទៅលើការផ្លាស់ប្តូរ ប៉ុន្តែក្នុងករណីដែលយើងមិនទាន់អាចស្វែងរកនៅដំណោះស្រាយបាន គឺពួកយើងមិនអាចដាក់អោយកីឡាករខ្ចីជើងនោះទេ។ គាត់ជាកីឡាករដែលចេញពីក្រុមយុវជនរបស់ក្លឹប ហើយគាត់ត្រូវមានទំនួសខុសត្រូវក្នុងការធ្វើអោយបានល្អសម្រាប់ក្លឹប Liverpool។ បន្ទាប់មកយើងនឹងស្វែងរកនៅដំណោះស្រាយ”។
លោក Klopp បានបន្ថែមទៀតថា “ឥលូវនេះវាជាក់ស្តែងណាស់សម្រាប់គាត់ វាជាស្ថានភាពមួយដែលគាត់មិនចង់បាន ប៉ុន្តែជាក់ស្តែណាស់ ពីព្រោះអ្នកចង់បានឪកាស អ្នកចង់លេង នៅពេលនេះគាត់នឹងបានលេងប្រកួតមួយចំនួន។ ខ្ញុំជឿលើគាត់”។
អ្នកចាំទី Kelleher អាចនឹងបង្ហាញខ្លួនប៉ុន្មានប្រកួត ដោយសារតែអ្នកចាំទីដៃទី១ កីឡាករ Alisson បានជួបបញ្ហារបួស៕