កីឡាករ Antony របស់ Manchester United ត្រៀមធ្វើដំណើរត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីប្រឈមនឹងប៉ូលិស ជុំវិញការចោទប្រកាន របស់គាត់ពីអតីតគូស្នេហ៍។ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល វ័យ ២៣ ឆ្នាំនឹងជួបប៉ូលិសនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្រាយបំភ្លឺបន្ថែមចំពោះការចោទប្រកាន់។
បើយោងតាមប្រភព The Sun បានអោយដឹងថា៖ «Antony នៅមានចិត្តរឹងរូស ហើយសារភាពថា គាត់មិនបានធ្វើខុសអ្វីទេ។ គាត់បានប្រាប់ថា គាត់គ្មានអ្វីត្រូវលាក់ទេ ហើយនឹងប្រគល់អ្វីដែលប៉ូលីសចង់ដឹង រួមទាំងទូរសព្ទដៃរបស់គាត់ អោយទៅកាន់មន្ត្រីសើបអង្កេត។ គាត់បានព្យាយាមដោះស្រាយបញ្ហានេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ដូច្នេះគាត់អាចបន្តអាជីពបាល់ទាត់របស់គាត់ម្ដងទៀត ដោយគ្មានការរំខានអ្វីទៀតឡើយ»។
គួររំលឹកឡើងវិញ ខ្សែបម្រើស្លាបតម្លៃ ៨៥ លានផោន ត្រូវបានអតីតគូស្នេហ៍ Gabriella Cavallin ចោទប្រកាន់ថា បានបំពានរាងកាយនាង ក្នុងសណ្ឋាគារ Manchester កាលពីថ្ងៃទី ១៥ ខែមករា។
Antony បដិសេធរាល់ការប្រព្រឹត្តខុស ហើយបានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍ទាំងទឹកភ្នែក ដែលគាត់បាននិយាយថា៖ «ខ្ញុំប្រាកដ 100 ភាគរយថាខ្ញុំមិនដែលបំពានរាងកាយស្ត្រីទេ ព្រោះខ្ញុំក៏មានប្អូនស្រី និងម្ដាយដែលជាស្ត្រី ហើយខ្ញុំនឹងបង្ហាញភស្តុតាងនេះ»៕