Lionel Messi នឹងផុតកុងត្រាជាមួយក្លឹប Paris Saint-Germain នៅរដូវក្តៅ ហើយមានការលេចចេញថាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យកាលរូបនេះ នឹងមិនបន្តស្នាក់នៅរដ្ឋធានីរបស់ប្រទេសបារាំងទៀតឡើយ។
កិច្ចព្រមព្រៀងមួយត្រូវបានគេបញ្ចេញអោយដឹងថា កើតឡើងបន្ទាប់ពី Messi ត្រូវបាន PSG ពិន័យចំពោះការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញាត។ ចំពោះ Messi ក៏បានចេញសារសុំទោសទៅកាន់ក្លឹប Paris Saint-Germain តាមរយៈវីដេអូ ហើយចាប់តាំងពីនោះមក កីឡាករឆ្នើមរូបនេះមិនសប្បាយចិត្តនោះទេ រយៈពេលពីរឆ្នាំរបស់គាត់នៅទីក្រុងប៉ារីស ទំនងជាត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។
ប្រធានក្រុមអាហ្សង់ទីន ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ជាក្លឹបគាត់បានចូលរួមតាំងពីអាយុ 13 ឆ្នាំកាលពីឆ្នាំ 2000 មុនពេលបន្តក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រា និងជាកីឡាករដ៏អស្ចារ្យបំផុតរបស់ក្លឹប។
ក្នុងពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចេញផ្សាយពីការផ្ទេររបស់កីឡាករ Messi ទៅកាន់ក្លឹប AL HILAL ក្នុងក្របខណ្ឌ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
កីឡាករជើងចាស់ Lionel Messi ជាកីឡាករដែលមានវ័យ 35 ឆ្នាំ ហើយជាកីឡាករបាល់ទាត់ល្អបំផុតរបស់ពិភពលោក អាចនឹងចុះហត្ថលេខាលើកិច្ចសន្យាដ៏ធំមួយដែលមានតម្លៃប្រមាណ 522 លានផោន។
ប៉ុន្តែឪពុករបស់គាត់លោក Jorge បាននិយាយនៅលើបណ្តាញសង្គមថា៖ «ពួកយើងមិនទាន់អាចបង្ហាញបានទេចំពោះអនាគតរបស់Lionel។ ការសម្រេចចិត្តនឹងមិនត្រូវបានធ្វើឡើងមុនពេល Lionel បញ្ចប់ការប្រកួតលីកជាមួយ PSG»។
បើយោងតាមកាសែតបារាំង L’Equipe បានអះអាងថា កិច្ចព្រមព្រៀងពាក្យសំដីត្រូវបានយល់ព្រមហើយ ប៉ុន្តែមិនទាន់មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ។
ហើយចំពោះអ្នកចាត់ការ Ramon Diaz ត្រូវបានគេសួរអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Messi ហើយគាត់បាននិយាយយ៉ាងស្ទាក់ស្ទើចំពោះបញ្ហានេះថា៖ «ឥឡូវនេះ យើងផ្តោតលើការប្រកួត។ យើងមានការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ King Cup of Champions។ ហើយបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ យើងនឹងឃើញថាមានអ្វីកើតឡើង»៕