អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបញ្ជាក់ថាបទពិសោធន៍ និងភាពជាអ្នកដឹកនាំរបស់ Jorginho បានជំរុញឱ្យក្រុមកាំភ្លើងធំចុះហត្ថលេខាលើគាត់ពីគូប្រជែងតោខៀវ Chelsea។
ក្រុមកំពូលតារាង Premier League បានដាក់សំណើរ 10 លានផោន បូកនឹងប្រាក់បន្ថែម 2 លានផោនទៀត ដើម្បីទទួលបានហត្ថលេខារបស់ខ្សែបម្រើសញ្ជាតិអ៊ីតាលីនៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ ថ្ងៃទី 31 ខែមករា។ Jorginho ចូលរួមជាមួយក្លឹបកាំភ្លើងធំក្នុងកិច្ចសន្យាមួយឆ្នាំកន្លះ ដែលកុងត្រាមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2024 ។
បន្ទាប់ពីនាំ Jorginho មកកាន់ក្លឹបលោក Arteta បាននិយាយថា៖ «Jorginho គឺជាខ្សែបម្រើដែលមានភាពវៃឆ្លាត និងមានបទពិសោធន៍ច្រើន។ Jorginho ជោគជ័យច្រើនក្នុងអាជីពរបស់គាត់ ប៉ុន្តែគាត់នៅតែស្រេកឃ្លានជ័យជំនះ ហើយគាត់មានឆន្ទៈដ៏ធំក្នុងការរួមចំណែកនៅទីនេះជាមួយយើង។ យើងពិតជារីករាយណាស់ដែលទទួលបានហត្ថលេខារបស់ Jorginho ហើយស្វាគមន៍គាត់ និងក្រុមគ្រួសាររបស់គាត់មកកាន់ក្លឹប»។
នាយកបច្ចេកទេសរបស់ក្រុមកាំភ្លើងធំលោក Edu Gaspar ក៏បានសរសើរអតីតតារា Chelsea រូបនេះផងដែរដោយនិយាយថា៖
«Jorginho គឺជាខ្សែប្រើល្អ ដែលនឹងនាំមកនូវគុណភាព និងបទពិសោធន៍មកក្នុងក្រុមរបស់យើង។ គាត់គឺជាកីឡាករដែលសាកសមនឹងស្ទីលលេងរបស់យើង ហើយគាត់អាចចូលរួមចំណែកក្នុងតួនាទីដ៏សំខាន់មួយដើម្បីជួយរក្សាសន្ទុះរបស់យើង។ យើងស្វាគមន៍ Jorginho មកកាន់ Arsenal»។
សម្រាប់ Jorginho ត្រូវបានគេរំពឹងថានឹងជួយពង្រឹងបន្ថែមទៀតក្នុងតំបន់បម្រើរបស់ Arsenal ហើយក៏ជាជម្រើសបម្រុងដ៏រឹងមាំសម្រាប់ខ្សែបម្រើជម្រើសដំបូងដូចជា Granit Xhaka និង Thomas Partey ជាដើម។
គួររម្លឹកឡើងវិញផងដែរថា ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ បានដាក់ខ្សែបម្រើ Albert Sambi Lokonga ឲ្យខ្ចីជើងទៅកាន់ក្លឹប Crystal Palace រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕