អ្នកគាំទ្រក្លឹបបាល់ទាត់ធំចំនួន ២ បានប៉ះទង្គិចគ្នា បណ្តាលអោយមានអ្នកស្លាប់ ១២៧នាក់ និងរបួសជិត ២០០នាក់ (មានវីដេអូ)

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានអោយដឹងថាប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១២៧នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីភាពចលាចល និងអំពើហឹង្សាមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីការប្រកួតបាល់ទាត់លីគឥណ្ឌូនេស៊ីរវាងក្រុមធំជាងគេពីររបស់ប្រទេសនេះ។

ក្នុងនោះអ្នកគាំទ្រ Arema FC និងគូប្រជែង Persebaya Surabaya បានប៉ះទង្គិចគ្នាបន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតនៅទីក្រុង Malang ក្នុង East Java។

លោក Nico Afinta ដែលជាមេប៉ូលីស East Java  បាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះថា អ្នកគាំទ្រមកពីក្រុមចាញ់បាន “លុកលុយ” ទីលាន ហើយប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យមានការរត់ជាន់គ្នាដែលនាំឱ្យមានករណីថប់ដង្ហើម។

លោក Nico បាន​និយាយបន្ថែម​ថា​ ​”ជា​ដំបូង​ការ​បះបោរ​បាន​កើត​ឡើង​”។ គាត់បានបន្តថា “ចាប់តាំងពីឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍ (រហូតមកដល់ពេលនេះ) មនុស្ស ១២៧នាក់បានស្លាប់ ក្នុងនោះរួមមានប៉ូលីស ២នាក់។ ហើយមនុស្ស​ជិត ២០០នាក់​ផ្សេងទៀតក៏​បាន​រង​របួស​ដែរ”៕