ដៃគូរបស់ Cristiano Ronaldo គឺនាង Georgina Rodriguez កំពុងជំរុញឱ្យខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ត្រលប់ទៅអេស្ប៉ាញវិញនៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Diario Sport។ ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Atletico Madrid ។
Ronaldo បានបង្ហាញពីបំណងចង់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ ខណៈដែលគាត់មានបំណងចង់ប្រកួតប្រជែងក្នុងក្របខ័ណ្ឌ UEFA Champions League ស្របពេលដែលគាត់ខិតជិតដល់ទីបញ្ចប់នៃអាជីពដ៏រុងរឿងរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមមានការប្តេជ្ញាចិត្តថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ គឺមិនមែនសម្រាប់លក់ទេ ហើយស្ថិតក្នុងផែនការរបស់អ្នកចាត់ការថ្មីលោក Erik ten Hag សម្រាប់រដូវកាលក្រោយ។ Ronaldo ក៏មិនបានធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួតមុនបើករដូវកាលនៅប្រទេសថៃ និងអូស្ត្រាលីដែរ។ យោងតាមប្រភពខាងលើ Georgina ចង់ឱ្យគ្រួសាររបស់គាត់ត្រលប់ទៅអេស្ប៉ាញវិញ ដោយទីក្រុង Madrid គឺជាអាទិភាពចម្បងរបស់នាង។
អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ 2016 នៅទីក្រុង Madrid ខណៈពេល Ronaldo លេងឱ្យក្រុម Real Madrid ។ ពួកគេបានចាកចេញពីប្រទេសអេស្ប៉ាញពីរឆ្នាំក្រោយមក នៅពេលដែលខ្សែប្រយុទ្ធព័រទុយហ្គាល់បានផ្លាស់ទៅ Juventus ។ បន្ទាប់ពីបីឆ្នាំនៅទីក្រុង Turin ប្រទេសអ៊ីតាលី ពួកគេបានផ្លាស់ទៅ Manchester ចក្រភពអង់គ្លេសកាលពីរដូវក្តៅមុន។
យោងតាមរបាយការណ៍ថ្មីៗនេះ Georgina មានការភ័យខ្លាចចំពោះការផ្លាស់ប្តូរប្រទេសជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំ។ នាងជឿជាក់ថា ការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ គឺមិនមែនជារឿងល្អសម្រាប់កូនៗរបស់ពួកគេឡើយ។
ប្រសិនបើ Ronaldo ត្រលប់មក Madrid វិញ គាត់នឹងត្រូវចូលរួមជាមួយក្រុម Atletico Madrid ដែលជាគូប្រជែងក្នុងទីក្រុងរបស់ Real Madrid ។ សារព័ត៌មាន The Sun បានរាយការណ៍ថា អ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ចង់នាំយក Ronaldo មកកាន់ទឹកដី Wanda Metropolitano នៅរដូវក្តៅនេះ។ Atletico Madrid មើលឃើញថា Ronaldo ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Luis Suarez ក្នុងរយៈពេលខ្លី។
ប្រាក់ឈ្នួលរបស់ Ronaldo អាចជាបញ្ហាមួយសម្រាប់ AT Madrid។ យោងតាមកាសែត The Sun ក្លឹបនឹងត្រូវលក់កីឡាករដែលមានតម្លៃប្រហែល 34 លានផោន ដើម្បីផ្តល់មូលថវិការសម្រាប់ការចុះហត្ថលេខាលើ Cristiano Ronaldo៕