អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានទម្លាយអំពីតួនាទីដែលភរិយារបស់គាត់ Ulla Sandrock ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយហង្សក្រហម។
ក្លិបយក្សនៅ Premier League បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាលោក Klopp បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយពួកគេ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ ឥឡូវនេះនឹងនៅ Anfield រហូតដល់ចុងបញ្ចប់នៃរដូវកាល 2025-26 ។
ដំណឹងនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល រួមទាំងអ្នកគាំទ្រហង្សក្រហមផងដែរ ខណៈដែលលោក Klopp ត្រូវបានគេរំពឹងថានឹងចាកចេញនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ អ្នកចាត់ការវ័យ 54 ឆ្នាំរូបនេះធ្លាប់បានបង្ហាញពីបំណងចង់សម្រាកពីបាល់ទាត់នៅឆ្នាំ 2024 ។
ឥឡូវនេះលោក Klopp បានបង្ហើបថាគំនិតនៃការចាកចេញពីហង្សក្រហមនៅឆ្នាំ 2024 គឺជាកិច្ចព្រមព្រៀង “ឯកជន” ដែលគាត់មានជាមួយប្រពន្ធរបស់គាត់ Ulla ។ ទោះបីជាយ៉ាងណាក៏ដោយភរិយារបស់គាត់ បានបញ្ចុះបញ្ចូលគាត់ឱ្យបន្តស្នាក់នៅ Anfield ។
ពេលចុះកុងត្រាថ្មី Klopp បានបង្ហើបពីការសន្ទនាផ្ទាល់ខ្លួនដែលគាត់មានជាមួយ Ulla ដែលបញ្ចុះបញ្ចូលគាត់ឱ្យផ្លាស់ប្តូរចិត្ត។ គាត់បានប្រាប់គេហទំព័ររបស់ Liverpool ថា៖
“ប្រសិនបើខ្ញុំនិយាយពីការបញ្ចប់កិច្ចសន្យានៅឆ្នាំ 2024 នោះហើយជាកិច្ចព្រមព្រៀងឯកជន ហើយកិច្ចសន្យាដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានចុះហត្ថលេខា គឺជាកិច្ចសន្យាជាមួយប្រពន្ធរបស់ខ្ញុំ Ulla ។ យើងអង្គុយនៅតុក្នុងផ្ទះបាយ ហើយ Ulla បាននិយាយថា “ខ្ញុំមិនចង់ឃើញពួកយើងចាកចេញនៅឆ្នាំ 2024 នោះទេ”។
អ្នកគាំទ្រ Liverpool រីករាយជាមួយនឹងតួនាទីដែល Ulla ព្យាយាមបញ្ចុះបញ្ចូលឲ្យលោក Klopp បន្តកុងត្រាថ្មីជាមួយក្លឹប។ អ្នកគាំទ្រក្រុមហង្សក្រហម ថែមទាំងបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការដឹងគុណចំពោះភរិយារបស់អ្នកចាត់ការជនជាតិអាឡឺម៉ង់៕