Fernandes និយាយ​បែប​នេះ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Liverpool (​មាន​វី​ដេ​អូ​)

0

ខ្សែបម្រើ Bruno Fernandes របស់ Manchester United បាន​សារភាព​ថា ការ​សុំ​ទោស​ចំពោះ​អ្នកគាំទ្រ​គឺ “​មិន​គ្រប់គ្រាន់​ទេ​” បន្ទាប់​ពី​ក្រុម​របស់​គាត់​ធ្វើ​មិន​បាន​ល្អជា​មួយ​ក្រុម Liverpool ។

Fernandes និង​មិត្ត​រួម​ក្រុម​របស់​គាត់​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 4-0 ទល់​នឹង​គូប្រជែង​របស់​ពួក​គេ​កាលពី​យប់មិញ​នៅ​ឯ​កីឡដ្ឋាន Anfield ក្នុង​ក្របខ័ណ្ឌ Premier League ។

ថ្លែង​ទៅ​កាន់ Sky Sports បន្ទាប់​ពី​ការ​ប្រកួត Fernandes បាន​និយាយ​ថា​៖ “​វា​ជា​លទ្ធផល​ដ៏​អាក្រក់​ជា​ថ្មី​ម្តងទៀត​។ ជាក់ស្តែង ពួក​យើង​បាន​សុំ​ទោស​អ្នកគាំទ្រ​។ វា​នឹង​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ជា​ការ​ពិត វា​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​”​។

ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​បន្ត​ថា​៖ “​អ្នកគាំទ្រ​មិន​សប្បាយចិត្ត​ជាមួយនឹង​ទម្រង់​លេង​របស់​ពួក​យើង ពួក​គេ​សម​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ​ពី​យើង​។ ពួក​គេ​នៅ​បន្ត​គាំទ្រ​យើង​រហូត​ដល់​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​”​។

នៅ​ពេល​សួរ​អំពី​អារម្មណ៍​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​បិសាច​ក្រហម បន្ទាប់​ពី​ការ​បរាជ័យ​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Liverpool Fernandes បាន​និយាយ​ថា​៖

“​យើង​ត្រូវ​តែ​និយាយ ប៉ុន្តែ​និយាយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​។ យើង​ដឹង​ថា​មិន​មាន​អ្វី​ច្រើន​ទេ​ដែល​យើង​អាច​ធ្វើ​បាន ឥឡូវនេះ​ការ​ប្រកួត​បាន​បញ្ចប់​។ យើង​ត្រូវ​មើល​ខ្លួនឯង យើង​ត្រូវ​មើល​ពី​ខាងក្នុង មើល​ពីលើ​រហូត​ដល់​ក្រោម ហើយ​ស្វែង​យល់​ថា​អ្វី​ទៅ​ជា​កំ​ខុស​”៕