Chelsea ត្រូវបានគេរាយការណ៍ថាកំពុងតែនាំមុខគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Barcelona កីឡាករ Ousmane Dembele ក្នុងខែនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានចេញឱសានវាទដោយក្លឹបយក្សកាតាឡានកាលពីដើមខែនេះ ដើម្បីចុះហត្ថលេខាលើការបន្ត ឬចាកចេញពីក្លឹប។
យោងតាម Cadena SER ទោះបីជា Dembele ពេញចិត្តនឹងបន្តស្នាក់នៅ Barcelona ក៏ដោយ ក៏គាត់មិនជំទាស់នឹងការចាកចេញពីក្លឹបក្នុងខែនេះដែរ។ របាយការណ៍ដ៏ដែលក៏បានបញ្ជាក់ផងដែរថា ប្រសិនបើកីឡាករសញ្ជាតិបារាំងរូបនេះ មិនដោះស្រាយស្ថានភាពកុងត្រារបស់គាត់ក្នុងខែនេះទេ ក្លឹបនឹងមិនដាក់ឲ្យគាត់លេងពេញមួយរដូវកាល។
យោងតាម Fichajes ពេលនេះ Chelsea កំពុងតែត្រៀមខ្លួនក្នុងការនាំយកខ្សែបម្រើស្លាបរូបនេះ ខណៈដែល Thomas Tuchel សង្ឃឹមថានឹងអាចជួបជុំជាមួយ Dembele ម្តងទៀតនៅក្លឹប។ បញ្ជាក់ផងដែរថា គ្រូបង្វឹកក្រុមតោខៀវធ្លាប់បានគ្រប់គ្រងកីឡាករសញ្ជាតិបារាំងរូបនេះ រយៈពេលមួយរដូវកាលនៅក្លឹប Borussia Dortmund មុនពេលអ្នកទាំងពីរចាកចេញពីក្លឹបអាល្លឺម៉ង់៕