យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថា Arsenal កំពុងកំណត់គោលដៅខ្សែប្រយុទ្ធ Raul de Tomas របស់ Espanyol ជំនួសឲ្យការខកចិត្តទៅក្នុងការចុះហត្ថលេខាលើ Dusan Vlahovic ។
ពិតណាស់ ក្រុមកាំភ្លើងធំ មានការខកចិត្តក្នុងការព្យាយាមចុះហត្ថលេខាជាមួយ Vlahovic បន្ទាប់ពីបានដាក់សំណើដេញថ្លៃ ៥០ លានផោនបូកនឹង Lucas Torreira ទៅ Fiorentina ក្នុងខែនេះ។
ទន្ទឹមនឹងនោះ Juventus បាននាំមុខការប្រជែងដើម្បីចុះហត្ថលេខាលើ Vlahovic ហើយត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើដេញថ្លៃ ៦៧ លានអឺរ៉ូ ដើម្បីនាំយកកីឡាករអន្តរជាតិស៊ែប៊ីរូបនេះ មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាករខែមករា។
វាត្រូវបានគេយល់ថា Juventus គឺជាគោលដៅដែល Vlahovic ពេញចិត្ត ហើយខ្សែប្រយុទ្ធ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A ក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ១៧ គ្រាប់នោះ មិនត្រូវបានគេជឿជាក់ក្នុងការចូលរួមជាមួយ Arsenal នោះទេ។
យ៉ាងណាមិញ លោក Mikel Arteta នៅតែចង់បន្ថែមខ្សែប្រយុទ្ធទៅក្រុមរបស់គាត់នៅខែនេះ ហើយយោងទៅតាម AS ពេលនេះ Arsenal បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកីឡាករដែលពួកគេបានសម្លឹងមើលជាយូរមកហើយគឺ De Tomas ។
គួរបញ្ជាក់ថា Espanyol បានបំបែកកំណត់ត្រាផ្ទេររបស់ពួកគេ ដើម្បីចុះហត្ថលេខា De Tomas ពី Benfica ក្នុងកិច្ចព្រមព្រៀង ២០ លានអឺរ៉ូ ក្នុងខែមករា ២០២០។
ខ្សែប្រយុទ្ធ វ័យ ២៧ឆ្នាំរូបនេះ ដែលស្ថិតក្នុងរដូវកាលទី ៣ របស់គាត់ជាមួយ Espanyol រកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ដងនៃ La Liga នៅរដូវកាលនេះ ហើយក្លឹបអេស្ប៉ាញបានដាក់តម្លៃ ៧០ លានអឺរ៉ូ ក្នុងកិច្ចសន្យារបស់គាត់ផងដែរ៕