វីរបុរសរបស់ក្រុមតោខៀវ Chelsea គឺលោក Eidur Gundjonhsen បាននិយាយថា ខ្សែបម្រើ Bruno Fernandes ហាក់បីដូចជារំពឹងលើ ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្លាំងពេកហើយ គឺតែងតែបោះបាល់ឲ្យ Ronaldo ស៊ុត មិនដូចពេលមុនដែលអាចញាក់ អាចស៊ុតបញ្ចូលទីបានដោយខ្លួនឯង។
គូរបញ្ជាក់ផងថា តាំងពី CR7 ផ្ទេរមកទឹកដី Old Trafford គឺ Bruno លែងក្លាយជាតួឯកនៅក្នុងក្រុមហើយ ខណៈដែលទម្រង់លេងរបស់គេ ក៏រាងធ្លាក់ជាងមុន ដោយរកបានតែ ៥គ្រាប់គត់នៅរដូវកាលនេះ។
យ៉ាងណាមិញលោក Gudjohnsen បានថ្លែងប្រាប់ MBL ថា៖ «វាមើលទៅដូចជា Fernandes តែងតែសម្លឹងរកមើល Cristiano Ronaldo នៅលើទីលាន។ គឺសឹងតែ ៩ក្នុង១០ដងហើយ គេតែងតែរកមើល Ronaldo ហើយបើគេមិនអាចបោះបាល់ឲ្យ Ronaldo បានទេ គឺគេតែងតែអស់ការអត់ធ្មត់ និងធ្វើឲ្យការលេងកាន់តែពិបាក។ ខ្ញុំចង់រំលឹកគេថា កាលចាប់ផ្ដើមជាមួយ United ដំបូងគឺគេល្អណាស់ ពួកយើងចង់ឃើញគេលេងឲ្យល្អជាងនេះ»៕