ខ្សែការពារ Sergio Ramos របស់ក្លឹប Paris Saint-Germain បានស្ថិតក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយ Lionel Messi ។ អតីតប្រធានក្រុម Real Madrid បាននិយាយថា អ្នកទាំងពីរស្ថិតក្នុងស្ថានភាពល្អ បន្ទាប់ពីការប៉ះទង្គិចគ្នានៅលើទីលាន អំឡុងពេលពួកគេនៅអេស្ប៉ាញ។
Ramos បាននិយាយថាគាត់និង Messi មានទំនាក់ទំនងល្អខ្លាំងណាស់ ខណៈដែលពួកគេកំពុងព្យាយាមសម្រេចគោលដៅរបស់ PSG ក្នុងការឈ្នះពានរង្វាន់ Champions League ។ ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយថា ពួកគេចែករំលែកការគោរព និងកោតសរសើរគ្នាទៅវិញទៅមក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ Sergio Ramos បាននិយាយថា៖ «ឥឡូវនេះ យើងចែករំលែកបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយយើងមានទំនាក់ទំនងល្អណាស់។ យើងកំពុងព្យាយាមជួយ PSG ដើម្បីឈ្នះ។ គោលបំណងគឺ Champions League ហើយទាំង Messi និងខ្ញុំនឹងអាចរួមចំណែកអ្វីមួយ។ ទំនាក់ទំនងនេះគឺជាការកោតសរសើរ និងការគោរពទាំងសងខាង»។
Messi និង Ramos គឺជាគូប្រជែងយ៉ាងស្វិតស្វាញក្នុងការប្រកួត El Clasico ដ៏ទាក់ទាញជាច្រើន នៅពេលពួកគេលេងតទល់គ្នានៅប្រទេសអេស្ប៉ាញ។ ពួកគេជាគូប្រជែងអស់រយៈពេលជាង ១៥ ឆ្នាំ ដោយលេងឱ្យក្លឹបធំបំផុតពីររបស់អេស្ប៉ាញគឺ Barcelona និង Real Madrid។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Messi និង Ramos មានកំណត់ត្រារួមគ្នាសម្រាប់ការបង្ហាញខ្លួនច្រើនបំផុត ៤៥ដងក្នុងប្រវត្តិសាស្ត្រ El Clasico ៕